
អនុសាខាស្រុកកោះញែក ផ្តល់ធុងចម្រោះទឹកស្អាត ជូនសិស្សដែលស្នាក់អាស្រ័យនៅអន្តេវាសិកដ្ឋាន នៃវិទ្យាល័យហ៊ុនសែនកោះញែក
កាលពីរសៀលថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំកុរឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២០ អនុសាខាស្រុកកោះញែក ដឹកនាំដោយឯកឧត្តម អ៊ុំ ឃន សមាជិកកិត្តិយសសាខា និងលោក កែវ សូត្រ ប្រធានគណៈកម្មាធិការអនុសាខាស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកធុងចម្រោះទឹកស្អាតចំនួន ១០ធុង ដែលជាអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់សិស្សានុសិស្សដែលស្នាក់អាស្រ័យនៅអន្តេវាសិកដ្ឋាន នៃវិទ្យាល័យហ៊ុនសែនកោះញែក ខេត្តមណ្ឌលគិរី។ ក្នុងឱកាសនោះដែរ ឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាល សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្រីក្រ មានទុក្ខលំបាក ជាពិសេសសិស្សានុសិស្សកំពុងសិក្សានិងបន្តការសិក្សា ដែលជាទំពាំងស្នងឬស្សី ជាធនធានមនុស្ស និងជាសសរទ្រូងសម្រាប់ដឹកនាំប្រទេសជាតិទៅថ្ងៃមុខ។ លើសពីនេះទៀត ឯកឧត្តម បានអំពាវនាវដល់សិស្សានុសិស្សឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាព សម្អាតបរិស្ថានជុំវិញទីធ្លាដែលយើងរស់នៅ ត្រូវចេះសន្សំសំចៃទឹកប្រើប្រាស់ ខិតខំរៀនសូត្រ កុំប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹង គោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា និងប្រុងប្រយ័ត្នចំពោះភ្លើង ធូប ទៀនផ្សេងៗ ដែលបង្កឲ្យមានអគ្គីភ័យកើតឡើងជាយថាហេតុផងដែរ៕