• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស៊ីធរកណ្តាល និងស្រុកព្រះស្ដេច ចុះអប់រំផ្សព្វផ្សាយពីជំងឺគ្រុនឈាម នៅតាមសហគមន៍

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងាអនុសាខាស្រុកស៊ីធរកណ្តាល និងអនុសាខាស្រុកព្រះស្ដេច សហការជាមួយក្រុមគ្រូពេទ្យ មណ្ឌលសុខភាពឃុំ ដែលមានការអញ្ជើញចូលរួមពីក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះអប់រំផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋជាក្រុមតូច នៅក្នុងសហគមន៍ អំពីការបង្កើនការប្រុងប្រយ័ត្នការពារទប់ស្កាត់នៃការឆ្លងជំងឺគ្រុនឈាម ដើម្បីអោយគាត់យល់ដឹងកាន់តែច្បាស់អំពីការទប់ស្កាត់ការឆ្លងជំងឺគ្រុនឈាមតាមរយៈមូសខ្លាញីនៅក្នុងរដូវធ្លាក់ភ្លៀងនេះ នៅក្នុងឃុំចំនួន ២២ ស្មើនឹង ៤១ភូមិ សរុបអ្នកចូលរួមចំនួន ៩៧២នាក់ ស្រី ៦៦៣នាក់ បានចំនួន ២២លើក ដែលមានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៣, ២៥-២៩ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងឱកាសនោះ យុវជនកាកបាទក្រហម រួមជាមួយក្រុមគ្រូពេទ្យមណ្ឌលសុខភាពឃុំ បានធ្វើការពន្យល់ដល់បងប្អូនប្រជាពលរដ្ឋ អំពីប្រភពចម្លងនៃជំងឺគ្រុនឈាម គឺមកពីមូសខ្លាញីដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមមកលើមនុស្សគ្រប់វ័យ មិនថា ចាស់ ក្មេងនោះទេ ហើយកត្តាដែលធ្វើអោយកើតមានមូសនេះ គឺបណ្ដាលមកពីមានព្រៃច្រើននៅជុំវិញផ្ទះ ផ្ទះបិទជិតមិនមានពន្លឺចេញចូលគ្រប់គ្រាន់ មានថ្លុក សំបកកំប៉ុង កង់ឡាន ជាដើម ដែលជាកន្លែងជម្រកមូសខ្លា។ ចំពោះរោគសញ្ញាជម្ងឺគ្រុនឈាមមាន ក្ដៅខ្លួនខ្លាំងភ្លាមៗ លើសពី ២៤ម៉ោង និងមានកន្ទួលក្រហមលើស្បែក ឬឈឺក្បាល និងឈឺខ្លួនប្រាណ។

ក្នុងឱកាសនោះដែរ គណៈកម្មាធិការអនុសាខាស្រុក ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម នៅក្នុងសហគមន៍របស់យើង គឺត្រូវចូលរួមទាំងអស់គ្នា ដោយត្រូវប្រមូលសំបកកំប៉ុង របស់របរសម្ភារៈដែលអាចដក់ទឹកបានត្រូវកប់ចោល ឬដុតចោលអោយអស់ ត្រូវដាក់ថ្នាំអាបេត ឬដាក់ត្រី ៧ពណ៌ នៅក្នុងពាងទឹកដែលជាប្រភពនៃជម្រកមូសខ្លា ត្រូវកាប់ឆ្ការព្រៃដែលនៅជុំវិញផ្ទះ បោះសម្អាតឱ្យបានស្អាត និងបើកបង្អួចនៅពេលថ្ងៃអោយមានពន្លឺចេញចូលល្អ ដើម្បីកុំឲ្យមានមូសខ្លាខាំ នៅពេលយើងសម្រាកនៅពេលថ្ងៃ និងពេលយប់ ត្រូវគេងនៅក្នុងមុង ឬក៍មុងជ្រលក់ថ្នាំអោយបានត្រឹមត្រូវ ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺគ្រុនឈាម ឬជំងឺផ្សេងៗ ដែលអាចឆ្លងតាមរយៈមូសខាំ។ បន្ថែមពីនោះ ក៏សូមអោយបងប្អូនប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្នព្រោះរដូវនេះជារដូវភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ទ្រាក់ ផ្គរ រន្ទះ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងជួបប្រទះនឹងគ្រោះមហន្តរាយដោយយថាហេតុ។