
អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ (លើកទី១១) ដោយអនុសាខានីមួយៗទទួលបាន អង្ករចំនួន ៩តោន
នៅទីស្នាក់ការកណ្តាល នាថ្ងៃចន្ទ ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា (កក្រក) ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ថវិកាចំនួន ៣០០,០០០ ដុល្លារអាម៉េរិក (លើកទី១២) ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងអង្ករចំនួន ១២៦តោន ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ (លើកទី១១) ដោយអនុសាខានីមួយៗទទួលបាន អង្ករចំនួន ៩តោន។ ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំសួរសុខទុក្ខ និងកោតសរសើរដល់សាខាកក្រករាជធានីភ្នំពេញ និងអនុសាខាកក្រកខណ្ឌទាំង១៤ ដែលខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយតម្លាភាពនិងគណនេយ្យភាព ដើម្បីទទួលបានការជឿទុកចិត្ត និងទាក់ទាញការគាំទ្រពីសប្បុរសជនទាំងផ្លូវចិត្តនិងថវិកា សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតឱ្យទទួលបានភាពកក់ក្តៅ និងរស់នៅដោយសុខដុមរមនាក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
ទន្ទឹមនឹងនេះ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកក្រករាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលដឹកនាំកាកបាទក្រហមកម្ពុជា ប្រកបដោយគតិបណ្ឌិត យកចិត្តទុកដាក់ តាមដាន និងដោះស្រាយភ្លាមៗដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ ក្នុងនាមសាខារាជធានីភ្នំពេញ និងអនុសាខាខណ្ឌទាំង ១៤ សូមប្តេជ្ញាខិតខំស្វែងរកការគាំទ្រពីសប្បុរសជន ជាពិសេសខិតខំប្រឹងប្រែងរៀនសូត្រពីវីរភាពដឹកនាំ និងអនុវត្តតាមអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដើម្បីសម្រេចបានភាពជោគជ័យក្នុងភារកិច្ចមនុស្សធម៌ និងជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតក្នុងបូរណភាពដែនដីរាជធានីភ្នំពេញ៕