
អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរចុះសួរសុខទុក្ខ គ្រួសារចាស់ជរា ជួបការលំបាក ជនងាយរងគ្រោះនៅភូមិប្រៃ ឃុំអណ្ដូងទឹក
នៅថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ លោក ហាក់ ឡេង តំណាង ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ រួមជាមួយលោកស្រីអនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការអនុសាខាបាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគចុះសួរសុខទុក្ខ គ្រួសារចាស់ជរា ជួបការលំបាក ជនងាយរងគ្រោះ ចំនួន០៩គ្រួសារ ស្ថិតនៅភូមិប្រៃ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។ លោកប្រធានអនុសាខា ណែនាំជូនបងប្អូនប្រជាពលរដ្ឋ អោយពួកគាត់យល់ដឹងពីស្ថានភាពវិវត្តន៍នៃជំងឺឆ្លងCovid19 សូមបងប្អូនគ្រប់គ្រងក្រុមគ្រួសារអោយបានល្អ ដឹងពីអ្នកចេញចូល ក្នុងភូមិ រឺអ្នកមកពីចម្ងាយ និងពន្យល់ពីការពារខ្លួនពីជំងឺឆ្លងCovid19 តាមរយៈការណែនាំរបស់ក្រសួងសុខាភិបាល។
នាឱកាសនោះលោកប្រធាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយនិង សូមបងប្អូនទាំងអស់គ្នា ក៏ដូចជាក្រុមគ្រួសារកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ។
ឆ្លើយតបជាមួយនិងការផ្តល់អំណោយមនុស្សធម៌នេះក្រុមគ្រួសារពុក ម៉ែ បងប្អូន សូមគោរពជូនពរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវប្រធានគណៈកម្មាធិការសាខា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់ការលំបាករបស់ប្រជាពលរដ្ឋគ្រប់ច្រកល្ហកដូចពួកគាត់។
សម្ភារៈរដែលអនុសាខាបានផ្ដល់ជូន ក្នុងម្នាក់ៗទទួលបាន៖
អង្ករ២០គក្រ មី១០កញ្ចាប់ ត្រីខកំប៉ុង១ឡូ ទឹកសុទ្ធ១យូ ប្រេងឆា ១ដប ទឹកត្រី ១យូ ទឹកស៊ីអ៉ីវ ១យូ ស្ករស ១គក្រ បីចេង ១កញ្ចាប់ អំបិល ១កញ្ចាប់ ។
ដោយឡែកថវិកាក្នុងម្នាក់ៗ ២០,០០០រៀល(ថវិការបស់អាជ្ញាធរឃុំអណ្ដូងទឹក)