• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

អនុសាខាកក្រកខណ្ឌពោធិ៍សែនជ័យទទួលទេយ្យទានពីព្រះសង្ឃវត្តតាំងក្រសាំងខាងជើង

សាខាកក្រករាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី​ ១៣ ខែ​ តុលា​ ឆ្នាំ​ ២០១៧​នេះ នៅវត្តតាំងក្រសាំង​ខាងជើង ស្ថិតក្នុង​សង្កាត់កាកាប ក្រុមការងារ​អនុសាខា​កាកបាទក្រហម​កម្ពុជា ​ខណ្ឌពោធិ៍សែនជ័យ ដឹកនាំ​ដោយ លោកស្រី ​អ៊ឹម ថាវី ប្រធាន​គណៈកម្មាធិការ​អនុសាខា បាន​អញ្ជើញទៅ​ទទួល​ទេយ្យទាន​សប្បុរសធម៌​ជាគ្រឿងឧបភោគ​បរិភោគ សម្ភារៈប្រើប្រាស់​ចំនួន៣៧មុខ និងថវិកា​ចំនួន៥លានរៀល ដែលសរុបគិត​ជាទឹកប្រាក់ទាំងអស់​ស្មើនឹង២១.២១២.០០០រៀល​ ពីព្រះគ្រូ​កោសល្យមុនី គឹម ធួង ព្រះចៅអធិការ​វត្តតាំងក្រសាំងខាងជើង ។

ក្នុងឱកាស​នោះ ព្រះគ្រូ​កោសល្យមុនី បានមាន​ព្រះថេរដីកា​សម្តែង​នូវសេចក្តី​សោមនស្សរីករាយ​ក្នុងការចូលរួមលើក​កម្ពស់កម្លាំង​មនុស្សធម៌របស់​កាកបាទក្រហម​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏ត្រឹមត្រូវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សំដៅជួយ​ដល់ជន​រងគ្រោះ និងជនងាយ​រងគ្រោះដោយ​មិនប្រកាន់ពី​ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការ​នយោបាយ​អ្វីឡើយ ។

ជាការឆ្លើយតប លោកស្រី​ប្រធានគណៈកម្មាធិការ​អនុសាខា បានមាន​ប្រសាសន៍​សូមថ្លែង​អំណរព្រះគុណចំពោះ​ព្រះគ្រូកោសល្យមុនី គឹម ធួង ព្រមទាំងបាន​សន្យានឹងចាត់ចែង​ប្រើប្រាស់​នូវទេយ្យទាន​ទាំងនេះ​ជួយឲ្យដល់ដៃ​ជនរងគ្រោះ​គ្រប់ប្រភេទ ឲ្យស្របតាម​គោលការណ៍​គ្រឹះទាំង៧​ប្រការរបស់​ចលនាកាកបាទក្រហម ៕