ស្រ្តីទីទ័លក្ររើសអេតចាយសម្រាលកូនលើរ៉ឺម៉កទទួលអំណោយពីកាកបាទក្រហមកម្ពុជា
កក្រក ៖ នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ក្នុងឱកាសចុះសួរសុខទុក្ខ ស្ត្រីទីទ័លក្រឈ្មោះ លន់ រាជនី អាយុ ២១ឆ្នាំ ជាអ្នករើសអេតចាយជាមួយម្តាយចាស់ រស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌច្បារអំពៅ។ ស្ត្រីនេះ ទទួលបានការជួយសម្រាលលើរ៉ឺម៉កកង់បី នៅវេលាម៉ោង ១ម៉១៥នាទីរសៀល ដោយពេទ្យឆ្មប យិន រមនី និងបានបញ្ជូនមកសម្រាកថែទាំក្រោយសម្រាលនៅមណ្ឌលសុខភាពផ្សារដើមថ្កូវ។ ពេលនេះ ម្តាយនិងទារក មានសុខភាពល្អប្រសើរ។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើនូវការសួរសុខទុក្ខ និងក្តីអាណិតអាសូរ ចំពោះអ្នកស្រី លន់ រាជនី និងផ្តាំផ្ញើឱ្យខិតខំបំប៉នសុខភាពឱ្យបានល្អ បរិភោគអាហារមានជីរជាតិ មានអនាម័យស្អាតក្នុងការថែទាំកូន និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ។
អ្នកស្រី លន់ រាជនី មានក្តីរំភើបឥតឧបមា ដោយបានការយកចិត្តទុកដាក់ គិតគូរទាន់ពេលវេលាពី កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចកាល តែងគិតគូរជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋជួបការលំបាក ដោយមិនមានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
អំណោយផ្តល់ជូនរួមមាន ៖ ខោអាវនិងសម្ភារៈចាំបាច់ ១៦មុខ ម្សៅកូនក្មេង ត្រីខ មី មុង ភួយ សារុង ក្រមា និងថវិកា ២០ មុឺន រៀល។ ដោយឡែក អ្នកឆ្លងទន្លេម្នាក់ទៀតនៅក្បែរនោះទទួលបាន មី ត្រីខ ឃីត ម្សៅកូនក្មេង និងថវិកា ៥មុឺនរៀលដែរ៕