• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ស្ត្រីមេម៉ាយក្រីក្រនៅឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាមទទួលបានអំណោយផ្ទះមនុស្សធម៌ទី៣

ព្រឹកថ្ងៃពុធ ទី៤ ខែសីហា  ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា  អមដំណើរដោយ វត្តមាន ព្រះនាគមុនី មេគណខេត្ត បាននិមន្ត និងអញ្ជើញចុះប្រគល់ផ្ទះបន្ទាប់ទី៣ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត និង សាលាគណខេត្ត  ជូន ស្ត្រីមេម៉ាយទីទ័លក្រម្នាក់ឈ្មោះឆៃ អ៊ូ អាយុ៤៥ឆ្នាំ  រស់នៅភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ។ គួររំលឹកថា  ប្អូនស្រី ឆៃ អ៊ូ ជាស្ត្រីមេម៉ាយទ័លក្រ មានកូនស្រី ប្រុស ២នាក់ (អាយុ ៦ឆ្នាំ និង ៤ឆ្នាំ) ក្នុងបន្ទុក។ ក្រោយប្តី ប្អូនស្រី ស្លាប់ដោយជម្ងឺរ៉ាំរ៉ៃ ជិត៥ឆ្នាំមកនេះ ប្អូនស្រី និងកូន ធ្លាក់ខ្លួនរស់នៅយ៉ាងលំបាកបំផុត ព្រោះគ្មានទុន គ្មានមុខរបរអ្វីច្បាស់លាស់ ហើយខ្លូនឯង ក៏ថ្លង់ទៀត សូម្បីជម្រកស្នាក់នៅ ក៏រស់នៅក្នុងខ្ទមដ៏តូច ដែលបិទបាំងដោយដែកសង្កសីចាស់ ៗ ដែលអ្នកជិតខាង បានផ្តល់អោយ នៅលើដីទំហំ ៩ម×២១ម ដែលបងស្រីបង្កើតរស់នៅក្បែរនោះ បានប្រគល់អោយជាកម្មសិទ្ធិ។ ក្រៅពីការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល តាមរយៈប័ណ្ណសមធម៌ ក្រ១ ប្អូនស្រី ត្រូវដើររើសអេតចាយ និង ជួយលាងចានឆ្នាំងតាមផ្ទះ  គ្រាន់បានកម្រៃប្រចាំថ្ងៃ ចិញ្ចឹមកូនកំព្រាតូចៗ ទាំង ២នាក់ ។

មើលឃើញពីស្ថានភាពលំបាកនេះ  ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី (ទំហំ៤ម×៦ម) ១ខ្នង តម្លៃ ៩,៨០០,០០០ រៀល ជាថវិកាបដិភាគ របស់សាខា សាលាគណ អនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្ត និងសប្បុរសជន ជូនប្អូនស្រី ឆៃ អ៊ូ សម្រាប់ស្នាក់នៅជាកម្មសិទ្ធិតទៅ។

អំណោយមនុស្សធម៌ ដែលផ្តល់ជូនគ្រួសារ ប្អូនស្រី ឆៃ អ៊ូ សម្រាប់ការឡើងផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប, មី ១កេស, ឃីត ១សម្រាប់,  អាវយឺត ៨, សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០០,០០០រៀល ។

ដោយឡែក ពលរដ្ឋខ្វះខាតជីវភាព ចំនួន ១២គ្រួសារ ទៀត ដែលបានចូលរួមនាពេលនោះ ក៏ទទួលបានអំណោយមនុស្សធម៌ ក្នុង ១គ្រួសារ មាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត   ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ  ។