• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូនរួច ចំនួន ៦០ នាក់នៅខេត្តស្វាយរៀង ជួបសំណេះសំណាល ជាមួយកាកបាទក្រហមកម្ពុជា

កក្រក ៖ ដើម្បីឈានឆ្ពោះទៅទិវាជាតិសុខភាព មាតា ទារក និងកុមារ ២១ កុម្ភៈ ២០២១ នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដឹកនាំដោយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ជួបសំណេះសំណាលជាមួយស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូនរួច ចំនួន ៦០នាក់ នៅឃុំស្វាយជ្រំ និងឃុំកំពង់ចំលង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ស្តីពី សារប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះ និងការថែទាំក្រោយសម្រាល ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងៃកូវីដ-១៩។

ក្នុងឱកាសនោះដែរ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ។ គណៈអធិបតី និងវាគ្មិន បានបង្ហាញការថែទាំសុខភាពរបស់ស្ត្រីមានផ្ទៃពោះ និងការថែទាំក្រោយសម្រាល ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងៃកូវីដ-១៩ និងការរស់នៅបែបគន្លងថ្មី យ៉ាងផុសផុល បន្ទាប់មកយើងសង្កេតឃើញថា ប្រជាពលរដ្ឋពិតជាមានការយល់ដឹងកាន់តែច្បាស់ពី សារប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះ និងការថែទាំក្រោយសម្រាល ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងៃកូវីដ-១៩។ ពួកគាត់បានបង្ហាញពីសកម្មភាព ទៅពិនិត្យផ្ទៃពោះស្ទើររាល់ខែ ទទួលបានថ្នាំជាតិដែក និងអនុវត្តតាមការកំណត់របស់គ្រូពេទ្យ ព្រមទាំងសម្រាលនៅមន្ទីរពេទ្យបង្អែក។ ចំណែកឯកស្ត្រីមានកូនតូច ត្រូវទៅពិនិត្យសុខភាពទាំងម្តាយ និងកូន និងទទួលថ្នាំបង្ការជំងឺ១១មុខ តាមការកំណត់របស់គ្រូពេទ្យ និងបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលកូនប្រសូតភ្លាមរហូតដល់ទារកមានអាយុ ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយ ការបន្តបំបៅទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច ២ឆ្នាំ។

ពិធីផ្សព្វផ្សាយនោះក៏មានវត្ថុអនុស្សាវរីយ៍ជូនស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនរួច ៖ សាប៊ូ ២ដុំ ជែលលាងដៃ២ ម៉ាស់១០ សារុង១ មុង១ ភួយ១ ក្រមា១ និងថវិកា ៥០,០០០រៀល ជាថវិកាផ្ទាល់របស់លោកជំទាវ ហៅ ច័ន្ទសិរីទេពី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង។

សូមបញ្ជាក់ បន្ទាប់ពីបញ្ចប់ពិធីផ្សព្វផ្សាយរួចមក លោកជំទាវ អគ្គលេខាធិការរងទី១ និងក្រុមការងារទាំងអស់ បានចុះសួរសុខទុក្ខ ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនរួច តាមខ្នងផ្ទះចំនួន៣គ្រួសារផងដែរ។