• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សេចក្តីសម្រេចកែសម្រួលសមាសភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ

រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដែលមានឯកឧត្តម ងួន រតន: ជាប្រធានគណៈកម្មាធិការសាខា ក្នុងអាណត្តិទី៥ ។ ពិធីនេះបានប្រព្រឹត្តទៅ តាមប្រព័ន្ធវីដេអូហ្សូម ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួម ពីគណៈកម្មាធិការសាខា ប្រធានគណ:កម្មាធិការអនុសាខាស្រុក/ក្រុង មន្ត្រីទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា ឣ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ៥៧នាក់ ស្រី១៨នាក់។

នាឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ ឣគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអានសេចក្តីសម្រេច ស្តីពីការទទួលស្គាល់ និងកែសម្រួលតួនាទីភារកិច្ចគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំអាណត្តិទី៥។

នាឱកាសនោះ ឯកឧត្តម ងួន រតន: ប្រធានគណៈកម្មាធិការសាខាថ្មី បានធ្វើការប្តេជ្ញាចិត្តដូចតទៅ « ខិតខំឱ្យអស់ពីកម្លាំង-កាយចិត្ត ប្រាជ្ញា ស្មារតី ចែករំលែកពេលវេលាដោយឆន្ទៈ គោរពគោលការណ៍គ្រឹះទាំង ៧ ប្រការរបស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សំដៅបម្រើឧត្តមប្រយោជន៍មនុស្សជាតិ រួមចំណែកឱ្យសម្រេចបានតាមទស្សនវិស័យ របស់កាកបាទក្រហមកម្ពុជា ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់»។

នាឱកាសនេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់អង្គពិធីទាំងមូល និងបានកោតសរសើរចំពោះសកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដែលតែងតែបានឆ្លើយតបដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា។លោកជំទាវ មានប្រសាសន៍ណែនាំតម្រង់ទិសបន្ថែមថា« សូមឱ្យគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដែលមាន ឯកឧត្តម ងួន រតន: ជាប្រធាន ត្រូវខិតខំប្រឹងប្រែងជួយសាខា ពង្រឹងភាពជាម្ចាស់ការលើគ្រប់វិស័យការងារ និងបន្តសហការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរស្ថាប័ន អង្គភាព អង្គការជាតិ-អន្តរជាតិ ក្នុងបុព្វហេតុ មនុស្សធម៌ គិតគូរដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ឱ្យបានល្អ និងកាន់តែប្រសើរជាងមុន ក្នុងអាណត្តិទី៥នេះ»៕