
សេចក្តីប្រកាសព័ត៌មាន ស្តីពី ខួបទី ១៥៨ ទីវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១
សេចក្តីប្រកាសព័ត៌មាន
ស្តីពី
ការរកមូលនិធិ ក្នុងឱកាសទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម
កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន មានកិត្តិយសសូមទូលថ្វាយ និងជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកស្រី អស់លោក អ្នកនាងកញ្ញា ជាសប្បុរសជន និងបងប្អូនជនរួមជាតិមេត្តាជ្រាបថា ដោយសារការរាតត្បាតជាសកល នៃជំងឺកូវីដ-១៩ កាកបាទក្រហមកម្ពុជា នឹងពុំមានប្រារព្ធមេទ្ទីងថ្នាក់ជាតិ និងថ្នាក់សាខាដើម្បីអបអរខួបលើកទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ នាពេលខាងមុខនេះឡើយ ក៏ប៉ុន្តែកាកបាទក្រហមកម្ពុជា សូមរក្សាកម្មវិធីទទួលថវិកាឧបត្ថម្ភគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដូចបានធើ្វជារៀងរាល់ឆ្នាំកន្លងមក ដើម្បីសមាគមជាតិ មានធនធានហិរញ្ញវត្ថុផ្តល់សេវាកម្មមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតមានដូចជា អ្នករងគ្រោះដោយមហន្តរាយផ្សេងៗ ចាស់ឥតទីពឹង កុមារកំព្រា ស្រ្តីមេម៉ាយមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ អ្នកមានជំងឺរាំរ៉ៃ ឲ្យបានសក្តិសមជាជំនួយការឲ្យអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌ និងដើម្បីឲ្យប្រធានបទ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១នេះ “ ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ “ ក្លាយទៅជាការអនុវត្តជាក់ស្តែង។
កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនទាំងអស់ ដែលបានចូលរួម វិភាគទាន នាពេលកន្លងមក និងសូមអំពាវនាវ សម្តេច ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនមកពីគ្រប់មជ្ឈដ្ឋាន ទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាបន្តចូលរួមជាកម្លាំងមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលទុក្ខលំបាករបស់បង-ប្អូន ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែងទូទាំងប្រទេសឱ្យបានឆាប់រហ័ស និងទាន់ ពេលវេលាដោយពុំមានការរើសអើងពូជសាសន៍ ជំនឿសាសនា និងប្រកាន់និន្នាការនយោបាយឡើយ។
ថ្ងៃ ចន្ទ២កើត ខែចែត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ២០២១
https://redcross.org.kh/wp-content/uploads/2021/03/Press_Release_8_May_2021_-1.jpg