• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សិស្សានុសិស្សនៅវិទ្យាល័យកំពតក្រុងទទួលចំណេះដឹងពីការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទចំពោះស្រ្តី ក្មេងស្រី កុមារ តាមប្រព័ន្ធអនឡាញ

នាថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ លោកជំទាវ សោម សេរីវឌ្ឍន៍ នាយិកា នាយកដ្ឋានធនធានមនុស្ស កាកបាទក្រហមកម្ពុជា បានអញ្ជើញចូលរួមក្នុងការចុះផ្សព្វផ្សាយការចូលរួមការកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ និងលើកកម្ពស់បរិយាបន្នពិការភាព ជូនប្អូនៗសិស្សានុសិស្ស ១៥០០នាក់ ស្រី ៨០០នាក់ ក្នុងនោះពិការ១នាក់ នៅវិទ្យាល័យកំពតក្រុង ស្ថិតក្នុងក្រុងកំពត ខេត្តកំពត ដើម្បីផ្តល់ចំណេះដឹងថ្មីពីវិធីសាស្រ្តការពារខ្លួន មិត្តភ័ក្ត គ្រួសារ និងសហគមន៍ពីការរំលោភបំពានផ្លូវភេទតាមអនឡាញពីគ្រប់រូបភាព របៀបរាយការណ៍ និងការលើកកម្ពស់ចូលរួមរបស់កុមារពិការក្នុងសកម្មភាពអភិវឌ្ឍន៍សង្គមដោយគ្មានការរំលោភបំពាន និងភ័យខ្លាច ក្រោមកិច្ចសហការគាំទ្រថវិកាដោយអង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបរិយាបន្ន (PAfID)។

ក្នុងឱកាសនេះ លោកជំទាវ បានអនុញ្ញាតយុវជនកាកបាទក្រហមកម្ពុជាបញ្ជ្រាបការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ផ្តោតសំខាន់អំពីសារប្រយោជន៍នៃការពាក់មួកសុវត្ថិភាពបានត្រឹមត្រូវ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយអត្រាស្លាប់ របួស និងពិការដោយសារគ្រោះចរាចរណ៍ឱ្យបានជាអតិបរិមា។ សូមបញ្ជាក់ផងដែរថា យោងរបាយការណ៍ឆមាសទី១ ឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គ្រោះថ្នាក់ចរាចរណ៍កើន៣០% គិតរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានអ្នកស្លាប់៩៤២នាក់ របួសធ្ងន់ចំនួន១៤២៩នាក់។ មូលហេតុដែលបង្កគ្រោះថ្នាក់បើកបរលើសល្បឿនកំណត់ ៣៨% បើកបរមិនគោរពសិទ្ធិ ២៤% មិនប្រកាន់ស្តាំ ១១% វ៉ាជែង១១% បត់១០% ស្រវឹង៣% កត្តាយានយន្ត២% និងងងុយ ១% ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូ៨១% (៧៥៩/៩៤២នាក់) មានអ្នកមិនពាក់មួកសុវត្ថិភាព ៧៤% (៥៥៨/៧៥៩នាក់ )។

លោកជំទាវ បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវពាក់មួកសុវត្ថិភាពឱ្យបានគ្រប់ៗគ្នា ពេលធ្វើដំណើរទោះជិត ឬឆ្ងាយ ដើម្បីការពារជីវិតខ្លួនឯង និងមិត្តភ័ក្តពីគ្រោះថ្នាក់ចរាចរណ៍ រៀនសូត្រធ្វើជាសរសរទ្រូងរបស់ប្រទេសជាតិ និងករណីសងស័យមិត្តភ័ក្តកំពុងជួបវិបត្តិភ័យ ឬការំលោភបំពានពីគ្រប់រូបភាព សូមរាយការណ៍ទៅលោកគ្រូអ្នកគ្រូ ឱពុកម្តាយ បងប្អូន អជ្ញាធរមូលដ្ឋាន ឬ ទាក់ទងទៅលេខ ១២៨០/១២៨៨ ដើម្បីប្រឹក្សាយោបល់ និងដោះស្រាយបញ្ហាបានទាន់ពេលវេលា៕