• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សិក្ខាសាលាឆ្លុះបញ្ជាំងទស្សនៈយុវជនជុំវិញការអនុវត្តយុទ្ធសាស្ត្រ អនុស្សារណៈសហព័ន្ធអន្តរជាតិ-អាស៊ាន ច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិ

ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំសិក្ខាសាលាឆ្លុះបញ្ជាំងទស្សនៈយុវជនជុំវិញការអនុវត្តយុទ្ធសាស្ត្រ អនុស្សារណៈសហព័ន្ធអន្តរជាតិ-អាស៊ាន ច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិ ដែលសិក្ខាសាលានេះមានការចូលរួមពិភាក្សា និងបញ្ចេញទស្សនៈពីសំណាក់យុវជនកាកបាទក្រហមកម្ពុជា ចំនួន ៤ក្រុម ដែលអញ្ជើញមកពីក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៃគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៤ ក្នុងរាជធានីភ្នំពេញ។

សិក្ខាសាលានេះ បានប្រព្រឹត្តទៅរយៈពេលពេញ ១ថ្ងៃ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដោយ​មានវត្តមានអញ្ជើញបើកអង្គសិក្ខាសាលាពីសំណាក់លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងអញ្ជើញបិទអង្គសិក្ខាសាលាពីសំណាក់ ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រី កាកបាទក្រហមកម្ពុជា និងសាខារាជធានីភ្នំពេញ និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ៧៩នាក់។

តាមការលើកឡើងរបស់ លោកជំទាវ អគ្គលេខាធិការរងទី១ បានឱ្យដឹងថា «សិក្ខាសាលារយៈពេលពេញ១ថ្ងៃនេះ កាកបាទក្រហមកម្ពុជា មានបំណងចង់ឱ្យយុវជនយល់ដឹងកាន់តែច្បាស់នូវខ្លឹមសារ ៣សំខាន់គឺ ៖ ទី១ គឺការអនុវត្ត ច្បាប់មនុស្សធម៌អន្តរជាតិ ការការពារនិងប្រើប្រាស់បដិរូប និងគោលការណ៍គ្រឹះ៧ប្រការ, ទី២ គឺជាការឆ្លុះបញ្ចាំងពីសកម្មភាពរបស់យុវជន ក្នុងការបំពេញការងារទៅតាមយុទ្ធសាស្ត្រ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលមានវិស័យអាទិភាពចំនួន៤ ធ្វើយ៉ាងណាឱ្យសម្រេចបានទិសស្លោក សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល, និងទី៣ គឺជាការស្វែងយល់ពីឯកសារថ្មី ស្តីពីអនុស្សរណៈសហព័ន្ធអន្តរជាតិជាមួយអាស៊ាន ដោយផ្តោតលើ សុវត្ថិភាពសាលារៀន និងការប្រែប្រួលអាកាសធាតុ។»

ជាមួយគ្នានេះ លោកជំទាវ អគ្គលេខាធិការរងទី១ បានថ្លែងអំណរគុណចំពោះក្មួយៗដែលបានចំណាយពេលវេលាមកចូលរួមសិក្ខាសាលានេះ និងកោតសរសើរចំពោះក្មួយៗទាំងអស់ដែលមានសេចក្តីក្លាហានក្នុងការពិភាក្សាគ្នា ឡើងធ្វើបទបង្ហាញ បញ្ចេញទស្សនៈផ្ទាល់ខ្លួន ពាក់ព័ន្ធទៅនឹងប្រធានបទខាងលើនេះ ដោយបានលើកឡើងពីចំណេះដឹង បទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយ ចំពោះសកម្មភាពការងារមនុស្សធម៌ដែលយុវជនខ្លួនឯងបានអនុវត្តជាក់ស្តែងនាពេលកន្លងមក។

ថ្លែងក្នុងឱកាសបិទអង្គសិក្ខាសាលា ឯកឧត្តម ពិត ចំណាន បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ការគិតគូរ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះក្មួយៗយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ រហូតដល់មានការបង្កើតឱ្យមានក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ផ្ទាល់តែម្តង។ ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គសិក្ខាសាលានាថ្ងៃនេះ ដែលឆ្លុះបញ្ចាំងថា ក្មួយៗជាយុវជន ពិតជាមានការយល់ដឹងខ្ពស់ មានសមត្ថភាព និងការប្តេជ្ញាចិត្តដើម្បីត្រៀមខ្លួនជាទំពាំងស្នងឬស្សី និងជាអ្នកបន្តវេនវ័យក្មេងនាពេលអនាគត។

ជាចុងក្រោយ ឯកឧត្តម បានលើកទឹកចិត្តដល់យុវជនទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀងសូត្រ ក្រេបជញ្ជក់ចំណេះដឹងទាំងក្នុងនិងក្រៅសាលា ជាពិសេសត្រូវបង្កើនសមត្ថភាពឱ្យទាន់សម័យឌីជីថល រួមជាមួយសកម្មភាពផ្សេងៗទៀតនៅក្នុងសង្គម ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាចូលរួមថែរក្សាសុខសន្តិភាពក្នុងប្រទេស ក្នុងតំបន់ និងពិភពលោកទាំងមូល។

សូមបញ្ជាក់ថា បន្ថែមពីចំណេះដឹងដែលទទួលបានពីអង្គសិក្ខាសាលានេះ យុវជនទាំងអស់ ក៏បានទទួលនូវប័ណ្ណសរសើរ និងថ្លែងអំណរគុណរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយវត្ថុអនុស្សាវរីយ៍មួយចំនួនទៀតផង៕