• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនកុមាររងគ្រោះដោយសារគ្រាប់មីន

នារសៀលថ្ងៃចន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ សុខ ណារ៉ូ ពៅហេង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនកុមាររងគ្រោះដោយសារគ្រាប់មីនចំនួន២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។ ករណីគ្រោះថ្នាក់នេះកើតឡើងកាលពីម្សិលមិញ ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចដូនម៉ុក ភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្ដាលឱ្យរងគ្រោះមនុស្ស៤នាក់ (កុមារ៣នាក់ ក្នុងស្លាប់ម្នាក់)៖

១-កុមារី អឹម ម៉ារ៉ា អាយុ ៤ឆ្នាំ (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប)

២-កុមារី ហេង ពៅ អាយុ ៤ឆ្នាំ (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប)

៣-កុមារា ស្មាន ម៉ា អាយុ៥ឆ្នាំ (ស្លាប់)

៤- លោក សំ ស្មាន អាយុ ៤២ឆ្នាំ (របួសស្រាល) ត្រូវជាឪពុកកុមារាដែលស្លាប់។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវ សុខ ណារ៉ូ ពៅហេង អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាកកាកបាទក្រហមកម្ពុជា និងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកជំទាវក៏ផ្ដាំផ្ញើដល់អាណាព្យាបាលទាំង២នាក់ ត្រូវយកចិត្តទុកដាក់អនុវត្តតាមការណែនាំរបស់លោកវេជ្ជបណ្ឌិតក្នុងការមើលថែកូនៗ និងសូមជូនពរប្អូនទាំង២សូមឆាប់បានជាសះស្បើយវិលត្រលប់ទៅលំនៅដ្ឋានវិញ។

ទន្ទឹមនេះលោកជំទាវអនុប្រធានគណៈកម្មាធិការសាខា សូមសំណូមពរដល់អាណាព្យាបាលទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកុមារតូចៗ ព្រោះពួកគាត់មិនដឹងថារបស់អ្វីដែលគ្រោះថ្នាក់ ឬមិនគ្រោះថ្នាក់នោះទេ ហេតុនេះមានតែមើលថែពួកគាត់ដោយប្រុងប្រយ័ត្នទាំងអស់គ្នា។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនម្នាក់ៗទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត២ មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា២សែនរៀល។

ជាមួយគ្នានេះដែរ លោកជំទាវក៏បានអញ្ជើញសួរសុខទុក្ខអ្នកជំងឺមួយចំនួនដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះផងដែរ៕