• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងរៀបចំពិធីអបអរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២២

នៅព្រឹកថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីអបអរ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ “ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍” និងពិធីប្រកាសទទួលស្គាល់គណៈកិត្តិយសសាខា និងគណៈកម្មាធិការសាខា កក្រក ខេត្តកំពង់ឆ្នាំងអណត្តិទី៥ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានកិត្តិយសសាខា, ឯកឧត្តម ឈា ហន រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងអញ្ជើញចូលរួមពីគណៈកិត្តិយស គណៈកម្មាធិការសាខា ព្រះសង្ឃ ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ទីរ-អង្គភាពនានាជុំវិញខេត្ត គណៈកម្មាធិការអនុសាខាក្រុងស្រុក ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សប្បុរសជន អាជីវករ សិប្បករ យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត សរុបប្រមាណ ៧៨៤ នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។

ការប្រារព្ធទិវានេះក្នុងគោលបំណង រំឭកដល់ថ្ងៃកំណើតរបស់លោក ហង់រី ឌុយណង់ ដែលជាស្ថាបនិករបស់កាកបាទក្រហមអន្តរជាតិ ,ផ្សព្វផ្សាយពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ,ច្បាប់មនុស្សធម៌អន្តរជាតិ និងកៀរគររកមូលនិធិពីសប្បុរសជននានា ដើម្បីត្រៀមឆ្លើយតបឲ្យបានទាន់ពេលវេលាក្នុងការជួយសង្រ្គោះជនរងគ្រោះ និងងាយរងគ្រោះ។

សូមបញ្ជាក់ជូនថា ថវិកាដែលទទួលពីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាឧបត្ថម្ភ ១០លានរៀល និងពីសប្បុរសជននានានៅក្នុងពិធីនេះ សរុបជាបឋមចំនួន ២១០.០០០ ដុល្លារអាមេរិក៕

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ចើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេចចំនួន៤ ទទួលស្គាល់ប្រធានគណៈកិត្តិយសសាខា និងគណៈកម្មាធិការសាខា គណៈកិត្តិយសអនុសាខា និងគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងអាណត្តិទី ៥ ។

ក្នុងអាណត្តិទី ៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានសម្រេចតែងតាំងឯកឧត្តម អ៊ុក រ៉ាប៊ុន ជាប្រធានគណៈកិត្តិយសសាខា និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ជាប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ ប៊ន សុភី ជាអនុប្រធានអចិន្ត្រៃយ៍សាខាកក្រក ខេត្តកំពង់ឆ្នាំង អណត្តិទី៥។

ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្ត និងការដឹងគុណដ៏ជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានប្តេជ្ញាចិត្ត ចំពោះមុខអង្គពិធីដូចតទៅ៖

១- ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង ៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

២-យកចិត្តទុកដាក់អនុវត្តគោលការណ៍លក្ខណៈវិនិឆ្ឆ័យ សាខាដែលដំណើរការល្អ (មូលដ្ឋានគ្រឹះបេសកកម្ម, សមត្ថភាព,ការបំពេញការងាររបស់មន្ត្រីកក្រក បំពេញការងារមនុស្សធ៌ទទួលបានជោគជ័យ)។

៣-រក្សាសាម្គីភាព ក្នុងជួរគណៈកម្មាធិការសាខា ទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខា ឯកភាពរួមគ្នាដោះស្រាយបញ្ហាប្រឈមដោយស្មារតីទទួលខុសត្រូវខ្ពស់។

៤-ដឹកនាំតម្រង់ទិសក្រុមប្រតិបត្តិសាខាឱ្យអនុវត្តបានល្អនូវភារកិច្ចស្របតាមយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជា ២០២១-២០៣០ ដែលមានវិស័យអទិភាពចំនួន៤ រួមមាន៖ ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងបម្រែបម្រួលអាកាសធាតុ សុខភាពនិងការថែទាំសុខាមាលភាពសហគមន៍ លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ការអភិវឌ្ឍស្ថាប័ន ។

៥-បង្កើតគំនិតក្នុងការកៀរគររកមូលនិធិ ពីគ្រប់មជ្ឈដ្ឋានដើម្បីបម្រើឱ្យការងារមនុស្សធម៌របស់សាខា ។

៦- យកចិត្តទុកដាក់ណែនាំដល់អនុសាខាឱ្យខិតខំអនុវត្តការងារមនុស្សធម៌ឱ្យបានល្អស្របតាមវិស័យអទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា ។

៧- យកចិត្តទុកដាក់ពង្រឹងពង្រីកអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នៅមូលដ្ឋានឱ្យចូលរួមក្នុងសកម្មភាពអប់រំសុខាមាលសហគមន៍ជាពិសេសជំងឺកូវីដ-១៩។

៨-យកចិត្តទុកដាក់ពង្រឹងពង្រីកយុវជនកាកបាទក្រហមកម្ពុជា និងគ្រឹះស្ថានសិក្សានានាជាគំរូក្នុងការងារមនុស្សធម៌ក្នុងសង្គម ។

៩-បន្តសហការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរស្ថាប័ន អង្គការជាតិ-អន្តរជាតិ រួមកម្លាំងជួយកាត់បន្ថយទុក្ខលំបាករបស់ជនរងគ្រោះ។

ទន្ទឹមនេះ លោកជំទាវ ពុំ ចន្ទីនី បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអង្គពិធីទាំងមូល ដែលបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ស្មារតី និងការទទួលខុសត្រូវ ក្រោមការដឹកនាំរបស់ គណៈកិត្តិយសសាខា និងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង កន្លងមកសម្រេចបាននូវជោគជ័យ គួរជាទីមោទកៈ ។

ជាមួយគ្នានេះ លោកជំទាវ បានពាំនាំអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលផ្តាំផ្ញើ ៖

១/ផ្តួចផ្តើមគំនិតរកប្រភពចំណូល និងបង្កើតយុទ្ធសាស្ត្ររកចំណូល បង្កើនមូលនិធិសាខា

២/ឃ្លាំមើលស្ថានភាពចំណូលចំណាយ និងការគ្រប់គ្រងសម្បត្តិក្នុងសាខា

៣/រាយការណ៍ជាបន្ទាន់ជូនគណៈកម្មាធិការសាខា អំពីភាពមិនប្រក្រតីដែល កើតមាននៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់សាខា (ប្រសិនបើមាន)។

៤/ជួយគណៈកម្មាធិការសាខាក្នុងការពង្រឹងការអនុវត្តន៍តាមនីតិក្រម នាននារបស់សមាគមជាតិ

៥/ជួយគណៈកម្មាធិការសាខាក្នុងការធានានូវតម្លាភាពក្នុងប្រតិបត្តិការហិរញ្ញវត្ថុ

៦/រាយការណ៍ពីការងារហិរញ្ញកិច្ច ជូនរាល់សម័យប្រជុំគណៈកម្មាធិការសាខា។

៧/ បន្តខិតខំប្រឹងប្រែងធ្វើការក្នុងស្មារតីក្រុម សាមគ្គីភាព អនុវត្តដោយឯកភាពនិងជួយគ្នាទៅវិញទៅមក រវាងគណៈកម្មាធិការសាខា-ក្រុមប្រតិបត្តិសាខា អនុសាខា។

៨/ បន្តអភិវឌ្ឍស្ថាប័ន ពង្រឹងសមត្ថភាព សហគមន៍ ដើម្បីផ្តល់សេវាកម្មមនុស្សធម៌ឱ្យកៀកដល់ជនងាយរងគ្រោះបំផុត។

៩/ បន្តអនុវត្តសកម្មភាពមនុស្សធម៌ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃប្រតិបត្តិការជួយប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតនៅក្នុងខេត្តកំពង់ឆ្នាំង

១០/ បន្តថែរក្សាកិត្តិនាមកាកបាទក្រហមកម្ពុជា ឱ្យសក្តិសមជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌៕