• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ប្រារព្ធពិធីចម្រើនព្រះជន្មសម្ដេចម៉ែ

នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានអញ្ជើញជាគណៈអធិបតី និងឯកឧត្តម លោកជំទាវ គណៈកិត្តិយស គណៈកម្មាធិការសាខា អនុសាខាក្រុងសៀមរាប ដូនជី តាជី ជាច្រើនរូបទៀត អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ ៨៦ យាង ចូល ៨៧ព្រះវស្សា ប្រារព្ធនៅវត្តរាជបូណ៌ ក្រុងសៀមរាប ដោយបាននិមន្តព្រះសង្ឃចំនួន៨៧អង្គ មកពី១៣វត្ត ដើម្បីប្រគេនចង្ហាន់ស្រាក់ផងដែរ។

គណៈកិត្តិយស គណៈកម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា នៃខេត្តសៀមរាប សូមក្រាបបង្គំទូលថ្វាយ សារលិខិតដោយសេចក្តីថា៖

ក្នុងឱកាសដ៏នក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីចម្រើនព្រះជន្មវស្សាគម្រប់៨៦ យាងចូល៨៧ ព្រះវស្សារបស់សម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់គ្នាជាសមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ទូទាំងខេត្តសៀមរាប ជាកូន ជាចៅ ចៅទួតរបស់ព្រះអង្គ សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំ ទូលថ្វាយ ព្រះរាជសព្ទសាធុការពរ បវរសួស្តី វិបុលសុខ មហាប្រសើរ ដោយគារវភក្តីភាពដ៏ខ្ពង់ខ្ពស់បំផុត។

ទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់គ្នា មានមោទនភាព និងមហាកិត្តិយសជាទីបំផុតដោយ សម្តេចម៉ែ សម្តេចយាយ ទ្រង់គង់ប្រថាប់ជា ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌ធំជាងគេ នៅព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យកិត្តិនាមស្ថាប័ននេះកាន់តែទទួលបានជំនឿទុកចិត្ត និងគាំទ្រយ៉ាងខ្លាំងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

ជានិច្ចកាលទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់គ្នាតែងតែចងចាំគ្មានថ្ងៃបំភ្លេចបាន នូវស្នាព្រះហស្ថ នៃព្រះរាជសកម្មភាពអង្គសម្តេចម៉ែ ជាអម្ចាស់ក្នុងព្រះរាជបេសកកម្ម បំរើបុព្វហេតុសង្គហធម៌ មនុស្សធម៌ ក្នុងសម័យសង្គមរាស្រ្តនិយម ក្រោមព្រះរាជកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់នៃ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទទួលបានជោគជ័យគួរជាទីកោតស្ញប់ស្ញែង និងព្រះប្រទានជាបទពិសោធន៍ នៃព្រះរាជគំរូមនុស្សធម៌ ដ៏វិសេសថ្លៃថ្លាសម្រាប់ជំនាន់នេះ និងជំនាន់ក្រោយទៀត ។

ក្នុងព្រះរាជពិធីចម្រើនព្រះជន្មវស្សាដ៏វិសេសថ្លៃថ្លានេះ ទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់គ្នា សូមបួងសួងវត្ថុស័ក្កិសិទ្ធិក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃ ព្រះអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គ សូម សូមទ្រង់ប្រោសប្រទានព្រះពរជ័យមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងព្រះករុណាព្រះមហាក្សត្រ ជាអម្ចាស់ ជីវិតលើត្បូងជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងសូមទ្រង់ប្រកបតែព្រះបរមសុខគ្រប់ប្រការ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្រ្តជាកូន ចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ ។

សូម សម្តេចព្រះវររាជមាតាជាតិខ្មែរ ទ្រង់ព្រះមេត្តាទទួលនូវអភិវន្ទនកិច្ច និងកត្តញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំខ្ញុំម្ចាស់ ។ នាឱកាសនេះដែរក៏បានប្រគេន និងជូន៖

– វត្តរាជបូណ៌៖ ថវិកា ១លានរៀល និង១០០ដុល្លារ

– ព្រះសង្ឃ៨៧អង្គ ៖ ចង្ហាន់១ស្រាក់ និងថវិកា ៥ម៉ឺនរៀល

– ដូនជី តាជី ២០នាក់ មា្នក់ៗ៖ ក្រណាត់ស១ដុំ និងវិកា១ម៉ឺនរៀល៕