
សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩
នៅថ្ងៃ ពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ ២០២០នេះ ឯកឧត្ដម ម៉ុម សារឿន ប្រធានគណ:កម្មាធិការ និងក្រុមការងារ បាននាំយកជាអាល់កុលសាប៊ូProtexព្រមទាំងសម្ភារៈសម្រាប់យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិ ភ័យពីការឆ្លងជំងឺកូវីដ-១៩ ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តជូនក្រុមគ្រូពេទ្យប្រចាំការបន្ទប់ដាក់នៅដាច់ដោយឡែក ក្រុមអប់រំផ្សព្វផ្សាយរបស់មន្ទីរសុខាភិបាល ព្រមទាំងមណ្ឌលសុខភាពទាំង១៤កន្លែង ក្នុងខេត្តស្ទឹងត្រែង ដែលពិធីនេះប្រព្រឹត្តទៅនៅមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ។
នាឱកាសនោះ លោកឯកឧត្តមប្រធាន បានមានប្រសាសន៍កោតសរសើរបំផុតចំពោះក្រុមគ្រូពេទ្យទាំងអស់ដែលជាអ្នកប្រយុទ្ធជួរមុខ ដែលខិតខំទាំងកម្លាំងកាយចិត្ត ទប់ស្កាត់ និងត្រៀមបង្ការចំពោះជំងឺឆ្លងដ៏កាចសាហាវនេះ ឯកឧត្តមក៏បានសំណូមពរដល់ក្រុមគ្រូពេទ្យទាំងអស់ សហការជាមួយអាជ្ញាធរភូមិឃុំ ចុះអប់រំ ណែនាំនូវវិធានការអំពីការកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ទៅដល់លោកតា លោកយាយ និងប្រជាពលរដ្ឋដែលវិលត្រឡប់ពីក្រៅប្រទេស សូមមានការប្រុងប្រយ័ត្ន និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖
១, និយមន័យករណីសង្ស័យជំងឺកូវីដ-១៩
២, បង្ការជំងឺផ្លូវដង្ហើម ផ្តើមចេញពីអ្នក
៣, វិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩
៤, របៀបលាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល ដើម្បីបង្ការជំងឺកូវីដ-១៩ និងខ្លឹមសារសម្រាប់បិទ វិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩ (ឧបត្ថម្ភដោយ UNICEF តាមរយ:កាកបាទក្រហមកម្ពុជា)។
សូមបញ្ជាក់ថាអំណោយដែលប្រគល់ជូននាពេលនោះរួមមាន៖
-ជូនក្រុមគ្រូពេទ្យប្រចាំការបានទទួល អាល់កុល ចំនួន៤០លីត្រ សាប៊ូProtex ១០០ដុំ
-ជូនក្រុមអប់រំ និងផ្សព្វផ្សាយរបស់មន្ទីរសុខាភិបាលខេត្តនូវ អាល់កុលចំនួន ២០លីត្រ សាប៊ូProtex ១០០ដុំ