• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមពិធីអបអរសាទររុក្ខទិវាជាតិ ៩កក្កដា ឆ្នាំ២០២១

ព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១ កាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានរៀបចំពិធីអបអរសាទររុក្ខទិវាជាតិ ៩កក្កដា ឆ្នាំ២០២១ ក្រោមប្រធានបទ “យុវជនកាកបាទក្រហមកម្ពុជា រួមគ្នាថែរក្សាបរិស្ថាន” ក្រោមវត្តមានឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ សោម សេរីវឌ្ឍន៍ នាយិកានាយកដ្ឋានធនធានមនុស្ស ដែលពិធីនេះប្រារព្ធធ្វើនៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងត្នោត ស្ថិតក្នុងឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ឯកឧត្តម គង់ សោភ័ណ្ឌ បានជំរុញដល់អាជ្ញាធរក្រុង-ស្រុក និងអនុសាខាក្រុង-ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមដាំដើមឈើគ្រប់ប្រភេទនៅតាមទីវត្តអារាម សាលារៀន ភូមិឋាន ប្រឡាយទឹក ដងផ្លូវ និងនៅតាមទីសាធារណៈនានា។

ឯកឧត្ដមបន្តថា ការដាំដើមឈើនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានា គឺមានគោលបំណងជួយថែរក្សាបរិស្ថាន បង្កើន​​ទេសភាព សោភ័ណភាព បង្កើតម្លប់ពណ៌បៃតង និងជាម្លប់ដ៏ត្រជាក់​សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជា​ពលរដ្ឋ​យើង ជាពិសេសគឺជួយកែប្រែបរិយាកាសធម្មជាតិនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានាឱ្យកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្ដមបន្ថែមថា គ្រប់អាជ្ញាធរក្រុង-ស្រុក ទាំងអស់ បន្តយកចិត្តទុកដាក់រៀបចំជាផែនការដាំដើមឈើប្រចាំឆ្នាំ ដោយកំណត់នៅតាមទីសាធារណៈ វត្តអារាម មណ្ឌលសុខភាព សាលារៀនណាមួយសម្រាប់ធ្វើការដាំដើមឈើ និងការថែទាំដើមឈើឱ្យរស់លូតលាស់ល្អ ហើយត្រូវជំរុញចលនាប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន ព្រះសង្ឃគ្រប់ព្រះអង្គ នៅតាមវត្តអារាមឱ្យចូលរួមសកម្មភាពដាំដើមឈើ រួមទាំងដាំដើមឈើហូបផ្លែផងដែរឱ្យបានគ្រប់ទី​កន្លែងទាំងអស់ដែលមានដីទំនេរក្រៅពីកសិកម្ម និងចូលរួមថែរក្សាកូនឈើ ដែលបានដាំរួច ឱ្យបាន​ដុះលូតលាស់ល្អ សម្រាប់ឧត្តមប្រយោជន៍របស់ខ្លួនឯងផង និងរបស់សង្គមជាតិផង។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានបានផ្ដាំផ្ញើដល់មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋ ត្រូវបន្ដយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ណែនាំ និងវិធានការរបស់ក្រសួងសុខាភិបាល “ការរស់នៅធម្មតាតាមបែបគន្លងថ្មី” ដោយត្រូវបន្ដការការពារខ្លួនរបស់អ្នកពីជំងឺកូវីដ-១៩ ទោះបីនៅកន្លែងណាក៏ដោយ។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីអបអរសាទរ រុក្ខទិវាជាតិ ៩កក្កដា ឆ្នាំ២០២១ បានដាំដើមឈើប្រភេទប្រណិតមាន ៖ គគីរ ,គីនីន, ក្ងោក ,បេង និងក្រញូង សរុបចំនួន ១,១៥០ដើម ៕