• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ទទួលថវិកាសម្រាប់ប្រតិបត្តិការមនុស្សធម៌

កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភថវិកាចំនួន ៣០ម៉ឺនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះហន្តរាយផ្សេងៗក្នុងរាជធានីភ្នំពេញ។ នេះជាការឧបត្ថម្ភថវិកាជាលើកទី ១១ បើគិតចាប់តាំងពីឆ្នាំ២០០៨មក។

មូលប្បទានបត្រចំនួន ៣០ម៉ឺនដុល្លារនេះ ត្រូវបាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ប្រគល់ជូន ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នៅទីស្នាក់ការកណ្តាល នាថ្ងៃព្រហស្បតិ៍ ទី ៣ ខែមិថុនា ឆ្នាំ២០២១នេះ។

នៅក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសក្នុងការចូលរួមជាមួយទីស្នាក់ការកណ្តាល ដើម្បីរៀបចំទិវា ៨ ឧសភា នាពេលកន្លងមកប្រកបដោយភាពរលូន។ ទន្ទឹមនឹងនេះ លោកជំទាវ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសាខា ក៏ដូចជាគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់ពីសំណាក់ ឯកឧត្តម ឃួង ស្រេង ដែលបានដឹកនាំកម្លាំងសរុប និងប្រើប្រាស់មធ្យោបាយសរុបក្នុងរាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំង ទប់ស្កាត់ជំងឺកូវីដ-១៩ ជាពិសេសក្នុងព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ ជួយដល់ដំណើរការចាក់វ៉ាក់សាំង និងផ្តល់ស្បៀងជូនដល់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារការបិទខ្ទប់រាជធានីភ្នំពេញនាពេលកន្លងមក។

ជាកិច្ចឆ្លើយតប ឯកឧត្តម ឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរ និងឧបត្ថម្ភថវិកាជូនដល់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាបន្តបន្ទាប់ និងសូមប្តេជ្ញាប្រើប្រាស់ថវិកាដ៏ថ្លៃថ្លានេះឱ្យចំទិសដៅប្រកបដោយប្រសិទ្ធភាព និងមានតម្លាភាព។ ទន្ទឹមនឹងនេះ ឯកឧត្តម បានបញ្ជាក់ថា ក្នុងនាមសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ប្តេជ្ញាចិត្តរួបរួមគ្នាធ្វើកិច្ចការងារមនុស្សធម៌ឱ្យបានល្អប្រសើរដើម្បីឧត្តមភាពនៃកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងខិតខំប្រឹងប្រែងស្វែងរកចំណូលថវិកាបន្ថែមទៀតដើម្បីជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតក្នុងរាជធានីភ្នំពេញ។

ជាមួយគ្នានេះ ឯកឧត្តម បានរៀបរាប់អំពីការបំពេញការងារជួយដល់ប្រជាពលរដ្ឋ បើទោះបីជាក្នុងស្ថានភាពដ៏លំបាកនៃការរាតត្បាតជំងឺកូវីដ-១៩ ក៏ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ បានកែប្រែភាពភ័យខ្លាចទៅជាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលនេះបានបង្ហាញពីសក្កានុពល និងជាមោទនភាពមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយសប្បុរសជនគ្រប់មជ្ឈដ្ឋាន បានរួបរួមកម្លាំងសាមគ្គីគ្នា ក្នុងការជួយដល់ប្រជាពលរដ្ឋប្រមាណជាង ៤៥ម៉ឺនគ្រួសារ ឱ្យទទួលបានស្បៀងអាហារសម្រាប់បរិភោគក្នុងកាលៈទេសៈដ៏លំបាក៕