• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ជូនដល់ក្រុមត្រួតពិនិត្យសុខភាពបឋម នៅចំណុចព្រំប្រទល់ខេត្តសៀមរាប និងខេត្តកំពង់ធំ

នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ ដោយមើលឃើញពីតម្រូវការចាំបាច់ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់ ឯកឧត្ដម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា នាំយកអំណោយមនុស្សធម៌ឧបត្ថម្ភបន្ថែមដល់ក្រុមការងារត្រួតពិនិត្យសុខភាពបឋម នៅកំណត់ផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ខេត្តសៀមរាប និងខេត្តកំពង់ធំ ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ ដែលអាចនឹងរាតត្បាតកាន់តែធំឡើងៗបើគ្មានវិធានការទប់ស្កាត់បានទានពេលវេលាទេនោះ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអនុប្រធាន បានលើកឡើងថា ចាប់តាំងពីព្រឹត្តិការណ៍២០កុម្ភៈ បានផ្ទុះឡើង យើងទាំងអស់គ្នាមានការព្រួយបារម្ភជាខ្លាំង អំពីលទ្ធភាពនៃការរីរាលដាលជាបន្តបន្ទាប់នៅក្នុងសហគមន៍ ហេតុនេះក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធមម៌ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានយកចិត្តទុក្ខជាចម្បងក្នុងការរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ ដោយក្រុមប្រតិបត្តិសាខាបានចុះអប់រំផ្សព្វផ្សាយជាហូរហែទាំងនៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សា ព្រោះដូចយើងទាំងអស់គ្នាបានដឹងហើយថា នេះជាដំណាក់កាលដែលយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះជំងឺដ៏កាចសាហាវនេះ។ ក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណ និងសូមសសើរចំពោះមន្ត្រី និងក្រុមការងារប្រចាំការនៅទីនេះ ដែលបានលះបង់អស់កម្លាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួន មិនថាយប់ មិនថាថ្ងៃ ខិតខំបំពេញការងារយ៉ាងសកម្ម ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យរីករាលដាលកាន់តែធំឡើង និងដើម្បីឈានទៅគ្រប់គ្រងឱ្យបាននាពេលខាងមុខ។ ក្នុងប្រតិបត្តិការមនុស្សធម៌នាពេលនេះ ឯកឧត្តម គុជ លីណា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនដែលធ្វើដំណើរលើដងផ្លូវជាតិលេខ៦ចូលមកកាន់ខេត្តសៀមរាប ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣ការពារ និង៣កុំ ព្រមទាំង២ចូលរួមបន្ថែមទៀត គឺចូលរួម Scan QR Code និងចូលរួមពិនិត្យកំដៅឱ្យបានគ្រប់គ្នា។ ឯកឧត្តមបានបន្ថែមថា អំណោយដែលឧបត្ថម្ភនាពេលនេះ ទោះបីមានចំនួនតិចតួចក្ដី តែនេះជាការចូលរួម ក៏ដូចជាការលើកទឹកចិត្តដល់មន្ត្រី និងក្រុមការងាររបស់យើង។ អំណោយមនុស្សធម៌រួមមាន៖ ទឹកបរិសុទ្ធ៥០កេស ទឹកផ្លែឈើ២០កេស ម៉ាស់ ៤,៥០០ និងអាល់កុល១៥លីត្រ៕