
សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ប្រគល់អង្ករជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង ១៤
នាល្ងាចថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២១នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា បានប្រគល់អង្ករចំនួន១៤០តោន ជាអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដោយអនុសាខានីមួយៗទទួលបាន អង្ករចំនួន១០តោន ។នាឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមកោតសរសើរដល់អនុសាខាកាកបាទក្រហមខណ្ឌទាំង១៤ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយតម្លាភាពនិងគណនេយ្យភាព ដើម្បីទទួលបានការជឿទុកចិត្ត និងទាក់ទាញការគាំទ្រពីសប្បុរសជនទាំងផ្លូវចិត្ត និងថវិកា សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតឲ្យទទួលបានភាពកក់ក្តៅ និងរស់នៅដោយសុខដុមរមនាក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ។ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានគូសបញ្ជាក់ថា៖ សម្រាប់អង្ករជាអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលបានប្រគល់ជូនដល់អនុសាខាទាំងអស់នាេពលនេះ គឺសម្រាប់ដេីម្បីឲ្យអនុសាខានីមួយៗបន្តចាត់ចែងបែងចែកជួយទៅដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗ ជាពិសេសប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដល់ជីវភាពដោយសារស្ថានភាពជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន សំដៅជួយសម្រាលដល់ការលំបាករបស់ពួកគាត់ដែលត្រូវការចាំបាច់ពីជំនួយរបស់យើង ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយេីងមិនបានដឹង ហេីយមិនបានដោះស្រាយ នោះឡើយ ។
ជាមួយគ្នានេះ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង១៤ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលដឹកនាំកាកបាទក្រហមកម្ពុជា ប្រកបដោយគតិបណ្ឌិត យកចិត្តទុកដាក់ តាមដាន និងដោះស្រាយភ្លាមៗដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយអនុសាខាខណ្ឌទាំងអស់ សូមប្តេជ្ញាខិតខំស្វែងរកការគាំទ្រពីសប្បុរសជន ជាពិសេសខិតខំប្រឹងប្រែងរៀនសូត្រពីវីរភាពដឹកនាំ និងអនុវត្តតាមអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដើម្បីសម្រេចបានភាពជោគជ័យក្នុងភារកិច្ចមនុស្សធម៌ និងជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតក្នុងបូរណភាពដែនដីខណ្ឌនីមួយៗ ៕