• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នាំយកអំណោយឧបត្ថម្ភជូនដល់អង្គការវិទ្យាស្ថានអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងចរិតលក្ខណៈ នៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ

សាខា កក្រក ខេត្តកណ្ដាល ៖ នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ទៅឧបត្ថម្ភជូនដល់អង្គការវិទ្យាស្ថានអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងចរិតលក្ខណៈ នៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ពិធីនេះបានប្រព្រឹត្តទៅ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសមានឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំខេត្ត សមាជិកសមាជិកាគណ:កម្មាធិការសាខា និងមន្ត្រីក្រោមឱវាទជាច្រើននាក់ ។

ឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនថ្នាក់ដឹកនាំអង្គការវិទ្យាស្ថានអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្ស និស្សិតទីទ័លក្រទាំងអស់ដោយក្តីនឹករឭកក្រៃលែង ។ ឯកឧត្តមបានផ្ដាំផ្ញើដល់លោក លោកស្រី ព្រមទាំងក្មួយៗទាំងអស់ សូមថែទាំសុខភាពឱ្យបានល្អ និងត្រូវប្រកាន់ខ្ជាប់នូវអនាម័យ៣ប្រការគឺ៖ រស់នៅស្អាត ហូបស្អាត និងផឹកស្អាត ហើយត្រូវឧស្សាហ៍លាងសំអាតដៃនឹងសាប៊ូ ឬទឹកអាល់កុល ដើម្បីចូលរួមការពារការឆ្លងរាតត្បាតជំងឺផ្សេងៗ ពិសេសជំងឺកូវីដ-១៩ ។

ដោយមើលឃើញពីការលំបាកខ្វះខាតរបស់អង្គការនៅក្នុងឆ្នាំ២០២០នេះ អង្គការបានប្រឈមទៅនឹងហានិភ័យយ៉ាងខ្ពស់ស្ទើរតែបិទទ្វារឈប់ដំណើរការដោយសារជំងឺរាតត្បាតដ៏កាចសាហាវកូវីដ-១៩ និងបាត់បង់ជំនួយស្ទើរទាំងស្រុង ឯកឧត្តមក៏បានបន្តផ្តល់ជូននូវអង្ករចំនួន ៣០០គីឡូក្រាមក្នុង១ខែ ហើយរៀបចំជួសជុលទីកន្លែងស្នាក់នៅរបស់សិស្ស និស្សិតនារីក្រីក្រ ដោយរៀបចំក្រាលឥដ្ឋការ៉ូ និងធ្វើបង្គន់អនាម័យប្រើប្រាស់ឲ្យបានសមរម្យ ។

អំណោយបានជូនរួមមាន ៖ អង្ករ ២តោន ,មី ៦០កេសតូច ,ត្រីខ ៣០០កំប៉ុង ,ទឹកត្រី ២០យួរ ,ទឹកស៊ីអ៊ីវ ២០យួរ ,សាប៊ូ ១៤៤ដុំ ,ទឹកសុទ្ធ ២០ដបធំ ស្មើនឹង ៤០០លីត្រ ,ម៉ាស់ ៥០០បន្ទះ ,ទឹកអាល់កុល ៣០លីត្រ ,ប្រេងឆា ១២ដប និងថវិកាជូនអង្គការ ៤លានរៀល ។ ដោយឡែកសិស្សនិស្សិតទីទ័លក្រចំនួន ៤៧នាក់ ក្នុងម្នាក់ៗ ៥ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ចំនួន ៩នាក់ ក្នុងម្នាក់ៗ ១០ម៉ឺនរៀលផងដែរ។