• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីផ្សព្វផ្សាយស្តីពី «ការរស់នៅធម្មតាតាមបែបគន្លងថ្មី »

សាខាកក្រកខេត្តបាត់ដំបង,រសៀលថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ ក្រុមការងារឥស្សរជនឆ្នើមនៃសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្ដមបណ្ឌិត  ប៊ុត  គឹមស៊ាន  ប្រធានគណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមបានធ្វើការផ្សព្វផ្សាយស្តីពី «ការរស់នៅធម្មតាតាមបែបគន្លងថ្មី » ជូនដល់អ្នកផ្ទុកមេរោគអេដស៍ចំនួន ២០នាក់ រស់នៅក្នុងសង្កាត់ចំនួន២សង្កាត់ទួលតាឯកនិងសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង  ។ ពិធីនេះប្រព្រឹត្តទៅនៅបរិវេនវត្តរ៉ុមស៊នប្រសិទ្ធីរាម ហៅវត្តសមសាន្ត សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត  ប៊ុត គឹមស៊ាន  ពាំនាំនូវប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី  ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគ  អេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹក អាណិត ស្រឡាញ់ចំពោះប្រជាពលរដ្ឋទាំងអស់។

ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតប្រធាន បានពាំនាំនូវសារអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនដែលមានខ្លឹមសារដូចខាងក្រោម ៖

១. សូមក្រុមប្រឹក្សាឃុំសង្កាត់ អាជ្ញាធរដែនដី ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ និងឈានទៅបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥។

២. សូមប្រជាពលរដ្ឋយកចិត្តទុកដាក់គិតគូរថែទាំសុខភាពទាំងផ្លូវកាយ-ផ្លូវចិត្តឱ្យបានរឹងមាំ ជាពិសេសអ្នកផ្ទុកមេរោគអេដស៍ ដែលអាចប្រឈមខ្ពស់ទៅនឹងការឆ្លងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្ត «ការស់នៅធម្មតាតាមបែបគន្លងថ្មី» ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។

៣. សូមស្ត្រីមានផ្ទៃពោះ ទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ និងធ្វើតេស្តឈាមរកមេរោគអេដស៍ ដើម្បីបង្ការការឆ្លងមេរោគអេដស៍ពីម្តាយទៅកូន។

៤.  សូមអ្នកផ្ទុកមេរោគអេដស៍ទាំងអស់ លេបឱសថប្រឆាំងមេរោគអេដស៍ឱ្យបានទៀងទាត់ និងទទួលការព្យាបាលឱ្យបានត្រឹមត្រូវ  ហើយកុំចម្លងជំងឺទៅកាន់អ្នកដទៃ មិនថាតែជំងឺអេដស៍ ជំងឺគ្រុនផ្តាសាយ ឬជំងឺឆ្លងដទៃទៀតឡើយ។

៥. សូមប្រជាពលរដ្ឋទាំងអស់ បន្តផ្សព្វផ្សាយដល់សមាជិកគ្រួសារ និងប្រជាពលរដ្ឋដទៃទៀតនៅក្នុងសហគមន៍។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដម ងី សែត  អនុប្រធានគណៈកម្មាធិការសាខា  និងលោកកុសុម សុភីនារ៉ានាយកសាខា បានធ្វើការផ្សព្វផ្សាយ ស្តីពីស្ថានភាពជំងឺអេដស៍ក្នុងពេលបច្ចុប្បន្ន និងសារៈសំខាន់ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទាំងអស់ផងដែរ។

សូមបញ្ជាក់ថា គ្រួសារអ្នកផ្ទុកមេរោគអេដស៍នីមួយៗទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា ៖  អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ៦ដប ឃីត ១កញ្ចប់ (សារុង ក្រមា មុង ភួយ អាវយឺត) សាប៊ូ៤ដុំនិងថវិកាមួយចំនួន   ដោយឡែកលោកយាយ លោកតាអាចារ្យ     គណៈកម្មការវត្តចំនួន១០នាក់ក្នុង១នាក់ៗទទួលបានទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ សាប៊ូ៤ដុំ និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ ។

បញ្ជាក់៖ក្នុងឱកាសនោះព្រះសង្ឃ អាចារ្យវត្តសមសាន្តបានឧបត្ថម្ភ ទឹកត្រី ៣០យួរ ,ទឹកស៊ីអ៊ីវ៣០យួរមុង៣០ ភួយ៣០ ផងដែរ។