• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលចុះសួរសុខទុក្ខកម្មកររោងចក្រដែលរងគ្រោះថ្នាក់ចរាចរណ៍ ហើយកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល

នៅល្ងាចថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនបងប្អូនកម្មកររោងចក្រដែលបានទទួលរងគ្រោះថ្នាក់ចរាចរណ៍ ហើយកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល និងបានចូលរួមរំលែកទុក្ខគ្រួសារសពយុវជនម្នាក់ជាសិស្សសាលាថ្នាក់ទី១២ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើ រវាងរថយន្តដឹកឥដ្ឋ បុកជាមួយរថយន្តដឹកកម្មករ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងអាណិតអាសូរជាទីបំផុត។ ឯកឧត្តមបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងមានគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានណែនាំជាប្រចាំដល់ មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវចុះជួយប្រជាពលរដ្ឋដែលដែលជួបនូវគ្រោះមហន្តរាយផ្សេងៗ មិនថានៅពេលថ្ងៃ ឬពេលយប់ ពិសេសគឹឲ្យបានទាន់ពេលវេលា ដោយមិនគិតពីវណ្ណៈ ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ ។ ឯកឧត្តមក៏បានសំណូមពរដល់ក្រុមគ្រូពេទ្យ សូមមេត្តាយកចិត្តទុកដាក់ជួយព្យាបាលឲ្យពួកគាត់ឆាប់បានជាសះស្បើយ និងបានវិលត្រឡប់ទៅបម្រើការងាររោងចក្រឡើងវិញនៅពេលដ៏ខ្លីខាងមុខ ។

អំណោយបានផ្តល់ជូនអ្នករងរបួស ៧នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក ក្នុងម្នាក់ៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ត្រីខ ១០កំប៉ុង ,ម៉ាស់ ១០បន្ទះ ,ទឹកអាល់កុល ១ដប ,ថវិកា ២០ម៉ឺនរៀល និង ឃីត ១កញ្ចប់ នៅក្នុងឃីតរួមមាន ៖(មុង ១ ,ភួយ ១ ,ក្រមា ១ ,សាប៊ូ ១ដុំ ,អាវយឺត២) ។ ដោយឡែកគ្រួសារសពមាន អង្ករ ៥០គីឡូក្រាម ,មី ២កេស ,ត្រីខ ២០កំប៉ុង ,ទឹកសុទ្ធ ២កេស ,ទឹកផ្លែឈើ ២កេស ,ម៉ាស់ ១០បន្ទះ ,ទឹកអាល់កុល ១ដបធំ និងថវិកាចំនួន ១លានរៀល៕