
សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ឧបត្ថម្ភ ថវិកានិងអង្ករ ដល់កាកបាទក្រហមកម្ពុជា
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលដែលបានជួយឧបត្ថម្ភថវិកាចំនួន៤០.០០០.០០០រៀល (សែសិបលានរៀល) និងអង្ករ ២០.០០០គីឡូក្រាម ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតក្រោយគ្រោះទឹកជំនន់រហ័ស ឆ្នាំ២០២០នេះ។កាកបាទក្រហមកម្ពុជានឹងចាត់ចែងអំណោយទាំងនេះយកទៅចែកជូនដោយផ្ទាល់ដៃដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់និងប្រជាពលដ្ឋងាយរងគ្រោះបំផុត។
អំណោយខាងលើនេះ គឺជាសក្ខីភាពនៃទឹកចិត្តជ្រះថ្លារបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ដែលមានលទ្ធភាព ក្នុងការជួយសម្រាលបន្ទុករបស់ទីស្នាក់ការណ្តាល ដែលនេះបានបង្ហាញពីស្មារតីនៃការចែករំលែក និងកម្លាំងសាមគ្គីគ្នារបស់ប្រជាជនខ្មែរ «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ»។
សូមបញ្ជាក់ថា ចាប់តាំងពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត បានសរុបចំនួន ៩៤.០២៩គ្រួសារ។ ដោយឡែក ចាប់ពីថ្ងៃទី ១ ខែតុលា ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត បានសរុបចំនួន ២៦.៤៦៨គ្រួសារ រស់នៅភូមិចំនួន៩០៨ ឃុំចំនួន៣៨២ ស្រុកចំនួន១៥៥ ក្នុងរាជធានី-ខេត្តទាំង២៥ (ក្នុងនោះឆ្លើយតបដោយទីស្នាក់ការថ្នាក់កណ្តាលចំនួន ១១.៥៨៥គ្រួសារ និងដោយសាខាចំនួន ១៤.៨៨៣គ្រួសារ)៕