
សាខាកាកបាទក្រហមកម្ពុជានៅខេត្តព្រះសីហនុ ផ្តល់ថវិកាជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និង ពោធិ៍សាត់.
សាខាកក្រក ខេត្តព្រះសីហនុ ៖ នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២០ ដោយបានឃើញប្រជាពលរដ្ឋខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់កំពង់រងគ្រោះដោយសារជំនន់ទឹកភ្លៀង យ៉ាងធ្ងន់ធ្ងរនាពេលថ្មីៗនេះ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានសម្រេចឧបត្ថម្ភថវិកាចំនួន ២ម៉ឺនដុល្លា ជូនដល់សាខាកាកបាទក្រហមខេត្តបាត់ដំបង ១ម៉ឺនដុល្លា (មួយម៉ឺនដុល្លាអាមេរិក) និងសាខាកាកបាទក្រហមខេត្តពោធិ៍សាត់ ១ម៉ឹនដុល្លា (មួយម៉ឺនដុល្លាអាមេរិក) ដើម្បីជួយសម្រួលទុក្ខលំបាក
របស់បងប្អូនប្រជាពលរដ្ឋនៅខេត្តទាំងពីរ ពីគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗជាពិសេសគ្រោះទឹកជំនន់នាពេលនេះ ។
ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់ថ្នាក់ដឹកនាំសាខាខេត្តព្រះសីហនុ និងជាវប្បធម៌ចែករំលែកនៃស្ថាប័នមនុស្សធម៌ ដែលជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន៕SBR