• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅ ស្រុកចំនួន៤ នៃខេត្តបាត់ដំបង។

សាខាកក្រកខេត្តបាត់ដំបង៖ ថ្ងៃអង្គារ ១១ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងបាន នាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៦៥០ គ្រួសារ ដែលរស់នៅក្នុងស្រុកបវេល ស្រុកភ្នំព្រឹក ស្រុកសំពៅលូន និងស្រុកកំរៀង នៃខេត្តបាត់ដំបង។ ពិធីនេះរៀបចំឡើងនៅ៤ទីតាំងផ្សេងគ្នា ក្នុងនោះស្រុកបវេលចំនួន៣០០គ្រួសារ ស្រុកភ្នំព្រឹកចំនួន១៥០គ្រួសារ ស្រុកសំពៅលូនចំនួន១០០គ្រួសារនិងស្រុកកំរៀងចំនួន១០០គ្រួសារ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម ប្រធានក្រុមការងារ ស្រុក

អនុសាខាស្រុកអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហកម្ពុជា ផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុយ រី អនុប្រធានកិត្តិយសសាខា ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ​ ក្តីនឹករលឹក​ ការស្រឡាញ់​យ៉ាងជ្រាលជ្រៅ​ និងគិតគូរជានិច្ច​ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់​ ដែលជួបគ្រោះទឹកជំនន់​នៅក្នុងរដូវវស្សានេះ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន បានបន្តទៀតថា កាកបាទក្រហមកម្ពុជា ដែលមាន      សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ជាពិសេសលោកតែងឆ្លើយតប និងជួយសង្គ្រោះចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងដូចជា គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យ ខ្យល់កន្ត្រាក់ ផ្គររន្ទះ និងទឹកជំនន់ជាដើម។ល។

ជាមួយគ្នានោះដែរ ឯកឧត្តមអ៊ុយ រី  បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់នៅពេលទឹកស្រកទៅវិញ ចាប់ផ្តើមប្រកបមុខរបរចិញ្ចឹមជីវិត និងបង្កបង្កើនផលដំណាំឡើងវិញ ថែទាំសុខភាពឱ្យបានល្អ ទទួលទានអាហារឱ្យបានត្រឹមត្រូវ​ ផឹកទឹកដាំឆ្អិនល្អ​ រស់នៅក្នុងបរិស្ថានស្អាត​ មានអនាម័យ​ ត្រូវគេងក្នុងមុងជានិច្ច ត្រូវមើលថែទាំចាស់ៗ ដែលស្តាប់ពុំឮ មើលពុំឃើញ សូមកុំឱ្យទៅក្បែរទឹក និងត្រូវមានការប្រុងប្រយត្ន័ចំពោះសត្វអសិរពិសផ្សេងៗនៅពេលទឹកឡើងនិងក្រោយស្រកទៅវិញ ជាពិសេសត្រូវមើលក្មេងតូចៗកុំឱ្យទៅលេងទឹក ដែលអាចបណ្តាលឱ្យលង់ទឹកស្លាប់ ។

ជាចុងក្រោយអនុប្រធានកិត្តិយសសាខា បានថ្លែងអំណរគុណ ដល់អាជ្ញាធរ កងកម្លាំងដែលជួយអន្តរាគមន៍ជួយទាន់ពេលវេលានិងសូមកោតសរសើដល់ប្រជាពលរដ្ឋ ដែលចេះតាមដានពីស្ថានភាពគ្រោះទឹកជំនន់ជាប្រចាំ និងបានជន្លៀសមកកាន់ទីទួលសុវត្ថិភាព បានទាន់ពេលវេលា ដែលពុំមានប៉ះដល់អាយុជីវិត។

សូមបញ្ជាក់បន្ថែមពីលើអំណោយដែលសាខាខេត្តផ្តល់ជូនក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករ ២៥គីឡូក្រាម មី២៥គីឡូក្រាម ទឹកសុទ្ធចំណុះ២០លីត្រ១ធុងត្រីខ៥កំប៉ុង សារុង១ក្រមា១និងថវិកាចំនួន២ម៉ឺនរៀលផងដែរ៕