• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងទទួលអំណោយសប្បុរសធម៌ពីសប្បុរសជន

នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២០ នេះ ក្រុមការងារសាខាកាកបាទក្រហម កម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយ លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការី បានទទួលអំណោយសប្បុរសធម៌ពីលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា លោក ទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងជាអនុប្រធានកិត្តិយសសាខា និងសហការី នូវអង្ករចំនួន ២០០ គ.ក្រ មី ១០ កេស ត្រីខ ៣ យួ ទឹកសុទ្ធ ១០ កេស ទឹកក្រូច ១០ កេស និងថវិកា ១,០០០,០០០ រៀល

ដល់សាខាសម្រាប់ត្រៀមបម្រុងឆ្លើយតបដល់ជនរងគ្រោះ និងងាយរងគ្រោះនៅពេលមានគ្រោះមហន្តរាយកើតឡើង ។ ក្នុងឱកាសនោះ លោកជំទាវ ពៅ សុភាព បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ លោកជំទាវ និងសហការី ដែលនេះជាការលើកទឹកចិត្តយ៉ាងធំធេងចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ការនាំយកអំណោយទាំងនេះ ទៅចាត់ចែងប្រគល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត កំពុងជួបការលំបាក និងត្រូវការជំនួយជាចាំបាច់ ។ ហើយបើយោងតាមរបាយការណ៍ពីអនុសាខាក្រុង ស្រុកទាំង ៨ ឃើញថាមានព្រះអនុគណ និងមន្ត្រីសង្ឃនៅតាមវត្តក្នុងក្រុង ស្រុក និមួយៗតែងតែបានយកទេយ្យទានជាស្បៀង សម្ភារ និងថវិកា យកទៅប្រគល់ជូនដល់អនុសាខាដើម្បីដោះស្រាយឆ្លើយតប ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍បានទទួលលទ្ធផលល្អប្រសើរក្នុងចលនាកាកបាទក្រហម ។ ក្នុងនាមគណៈកម្មាធិការសាខា លោកជំទាវ ពៅ សុភាព សូមសំណូមពរដល់សប្បុរសជនទាំងក្នុង និងក្រៅខេត្ត បន្តជួយឧបត្ថម្ភជាស្បៀង សម្ភារ ថវិកា ដល់សាខា ដើម្បីចែកជូនដល់ប្រជាពលរដ្ឋយើងដែលជួបការលំបាក ខ្វះខាតនៅតាមសហគមន៍ ឲ្យបានទាន់ពេលវេលា ។ ជាមួយគ្នានេះលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងសហការី នៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង សូមបួងសួងវត្ថុស័ក្តិសិទ្ធ ជូនចំពោះសប្បុសរសជនទាំងអស់ សូមមានសុខភាពល្អ អាយុយឺនយូរ ដើម្បីបន្តទ្រទ្រង់វិស័យមនុស្សធម៌ រីកចម្រើនតរៀងទៅ ។ ហើយលោកជំទាវ សន្យាថាអំណោយទាំងអស់នេះ សាខានឹងធ្វើការបែងចែកជូនដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះគ្រប់ៗគ្នាឲ្យបានទាន់ពេលវេលាឲ្យសមស្របទៅនឹងទឹកចិត្តរបស់ម្ចាស់អំណោយ ។ តាមរយៈការផ្តល់អំណោយសប្បុរសធម៌ នៅថ្ងៃនេះ លោក ដួង វណ្ណា បានមានប្រសាសន៍ថា អំណោយទាំងនេះ នឹងរួមចំណែកដល់ការងារមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីបង្ការ និងកាត់បន្ថយភាពខ្វះខាតរបស់ប្រជាពលរដ្ឋ ដើម្បីអព្យាក្រឹតភាព ជំនឿ សាសនា ពូជសាសន៍ និងដើម្បីផលប្រយោជន៍រួម គឺភារកិច្ចមនុស្សធម៌ ៕ ចំពោះអំណោយដែលបានទទួលនៅពេលនេះ សាខាបានផ្តល់ជូនទៅអនុសាខាស្រុកកំពង់រោទិ៍ ដើម្បីត្រៀមឆ្លើយតបដល់ជនងាយរងគ្រោះក្នុងសហគមន៍ ។