សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នាំអំណោយចែកជូនកុមាររស់នៅជាមួយមេរោគអេដស៍
សាខាកក្រកខេត្តកំពត ៖ ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៧ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដឹកនាំដោយលោកវេជ្ជ.កែវ សុផាន់ នាយកសាខា និងសហការី បាននាំយកកង់ សំលៀកបំពាក់ និងសម្ភារសិក្សា ជាអំណោយរបស់សប្បុរសជនមកពីប្រទេសអូស្រ្តាលី តាមរយៈកាកបាទក្រហមកម្ពុជា ខេត្តកំពត ទៅចែកជូនដល់កុមារដែលរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍ចំនួន ៩នាក់ ស្ថិតនៅស្រុកឈូក ខេត្តកំពត។
នាឱកាសនោះ លោកនាយក បានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ទីទ័លក្រ មានជងឺ ដោយមិនប្រកាន់រើសអើងជាតិសាសន៍ វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ខិតខំថែរក្សាសុខភាពបានល្អ និងរស់នៅប្រកបដោយអនាម័យ។