• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខចាស់ឥតទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយមានកូនច្រើន និងកុមារកំព្រា នៅខេត្តកំពង់ឆ្នាំង

កាកបាទក្រហមកម្ពុជា​ ដែលមាន​ ហ្លួងម៉ែ​ នរោត្តម​ មុនិនាថ​ សីហនុ​ ជាព្រះប្រធានកិត្តិយស​ និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​​ នៅថ្ងៃទី​ ១១ ខែឧសភា​ ឆ្នាំ២០២២នេះ​ បានផ្តល់អំណោយមនុស្សធម៌ជូនដល់ ចាស់ឥតទីពឹង​ ជនមានពិការភាព​ ស្ត្រីមេម៉ាយមានកូនច្រេីន​ និងកុមារកំព្រា​ចំនួន​ ៣០៥គ្រួសារ រស់នៅក្នុងភូមិចំនួន២០ ឃុំចំនួន៤ នៃស្រុកកំពង់លែង និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ដេីម្បីកុំឱ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វេីដំណេីរឆ្ងាយមកប្រមូលផ្តុំ​គ្នា, ពិធីសំណេះសំណាល​សួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌នេះ​ បានរៀបចំនៅទីតាំងចំនួន​ ៣កន្លែងផ្សេងគ្នា​ និងបានចុះដល់ខ្នងផ្ទះមួយចំនួនទៀតផង។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ​ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី​១​​​​​ កាកបាទក្រហមកម្ពុជា​ បាន​សម្តែងនូវក្តីសោមនស្សរីករាយ​ និងពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ ក្តីអាណិតស្រឡាញ់​ ការគិតគូរពីសុខទុក្ខ​ និងជីវភាពរស់នៅប្រចាំថ្ងៃ​ ជាពិសេសផ្ញេីនូវក្តីនឹករលឹកចំពោះលោកយាយលោកតា​ បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់​ ដែលរស់នៅតំបន់នេះ​ ព្រោះថាតំបន់នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ធ្លាប់បានអញ្ជេីញចុះមកសួរសុខទុក្ខនិងចែកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់កាលពីពេលកន្លងទៅ។

លោកជំទាវ​ បានថ្លែងថា​ «​ថ្វីបេីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ មានធុរៈនិងកិច្ចការងារជាច្រេីនដែលមិនអាចអញ្ជេីញមកជួបលោកយាយលោកតា​ បងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ក៏ដោយ​ ក៏សម្តេចតែងតែផ្តល់អនុសាសន៍ឱ្យមន្ត្រីក្រោមឱវាទចុះពិនិត្យស្ថានភាពជាក់ស្តែង​ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត​ ដែលជាមុខសញ្ញាអាទិភាពរបស់កាកបាទក្រហមកម្ពុជា​ ដេីម្បីដោះស្រាយជួយសម្រាលការលំបាកជូនដល់អ្នកដែលត្រូវការឱ្យជួយជាចាំបាច់ទាំងនោះ​ឱ្យបានទាន់ពេលវេលា ដោយមិនទុកនរណាម្នាក់ចោលឡេីយ»។

ក្នុងឱកាសនោះ​ លោកជំទាវ​ បានលេីកឡេីងថា​ «យុទ្ធសាស្ត្រផ្ការីកចាក់ស្រោចវ៉ាក់សាំងដេីម្បីបង្កេីនភាពស៊ាំ​ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស​របស់សម្តេចតេជោ​ បានធ្វេីឱ្យប្រទេសកម្ពុជាយេីងទទួលបានជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩​ ដែលក្នុងរយៈពេល៤ថ្ងៃចុងក្រោយនេះយេីងមិនមានការឆ្លងមេរោគកូវីដ-១៩ថ្មីឡេីយ​ ហេីយដែលនេះជាសញ្ញាបង្ហាញឱ្យឃេីញពីឱកាសក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ តាមរយៈការបេីកវិស័យទេសចរណ៍​ និងទាក់ទាញការវិនិយោគទុនក្នុងប្រទេសជាដេីម។ បេីទោះជាយ៉ាងនេះក្តី​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ នៅតែអំពាវនាវសូមប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដោយត្រូវចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់ៗគ្នាផងដែរ។»

ជាមួយគ្នានេះ លោកជំទាវ ក៏បានគូសបញ្ជាក់ពី វិនាសកម្មនៃសង្គ្រាមដែលធ្វើឱ្យបាត់បង់អ្វីៗគ្រប់បែបយ៉ាង និងសូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានប្តេជ្ញាចិត្តក្នុងការចូលរួមពង្រឹង ថែរក្សា និងការពារសុខសន្តិភាពនៅក្នុងប្រទេសយើងដើម្បីការអភិវឌ្ឍបន្តទៅមុខទៀតផងដែរ។

ថ្លែងក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ​រងទី១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន​ ដែលបានបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូនកាកបាទក្រហមកម្ពុជា​ ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ ជាពិសេសព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមរបស់​ ព្រះករុណា​ ព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​​ ព្រះមហាក្សត្រ​ ជាអម្ចាស់ជីវិតលេីត្បូង​ និង​ហ្លួងម៉ែ​ នរោត្តម​ មុនិនាថ​ សីហនុ​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ដែលព្រះអង្គទាំងទ្វេបានប្រោសប្រទានព្រះរាជទ្រព្យជារៀងរាល់ខែ​ រៀលរាល់ត្រីមាស​ និងក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់​ ដេីម្បីឱ្យកាកបាទក្រហមកម្ពុជា​ អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចជា​ ការផ្តល់ថវិកា​ ១លានដុល្លារអាមេរិក​ ជូនមន្ទីរពេទ្យគន្ធបុប្ផាជារៀងរាល់ឆ្នាំ​ ការសាងសង់ផ្ទះជូនប្រជាពលរដ្ឋ​ និងគ្រួសារអតីតយុទ្ធជន​ ការផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ដេីម្បីលេីកស្ទួយជីវភាពប្រជាពលរដ្ឋ​ដែលរងគ្រោះថ្នាក់ដោយសារមីន ក៏ដូចជាការផ្តល់អំណោយជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋដូចនាពេលនេះជាដេីម។

បន្ថែមពីនេះ​ លោកជំទាវ​ ក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ​ និងសូមប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យកើនឡើងកំដៅខ្លាំង ធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់យើង ជាពិសេសសុខភាពមនុស្សចាស់ដែលងាយនឹងរងគ្រោះថ្នាក់ដោយការស្ទះសរសៃឈាមបេះដូង ហើយការប្រែប្រួលអាកាសធាតុនេះក៏បង្កឡើងជាគ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដើមផងដែរ។ ជាមួយគ្នានេះ សូមអំពាវដល់ស្ត្រីជាមាតា​ ស្ត្រីុផ្ទៃពោះទាំងអស់អញ្ជេីញទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់​ យ៉ាងតិចឱ្យបាន៤ដង​ ដេីម្បីដឹងពីស្ថានភាពសុខភាពទាំងម្តាយនិងទារក និងទប់ស្កាត់ការចម្លងជំងឺនានាពីម្តាយទៅទារកផងដែរ។ ទន្ទឹមនឹងការអភិវឌ្ឍផ្លូវថ្នល់បានស្អាតល្អស្ទេីរគ្រប់ទីកន្លែងនោះ​ លោកជំទាវ​ ក៏បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋមានស្មារតីប្រុងប្រយ័ត្ន​ គិតគូរពីសុវត្ថិភាពចរាចរណ៍គ្រប់ពេលវេលា​ ហេីយក៏សូមចូលរួមអនុវត្តភូមិឃុំមានសុវត្ថិភាព​ ជៀសវាងគ្រឿងញៀន​ គ្រឿងស្រវឹង​ អំពេីហិង្សា​ និងចេះស្រឡាញ់​ សាមគ្គីគ្នា​ ជួយយកអាសាគ្នាទៅវិញទៅមក​ ដេីម្បីភាពសុខដុមរមនាក្នុងក្រុមគ្រួសារ​ ជាតិសាសន៍​ ជំនឿសាសនា​ ក្រោមម្លប់នៃសន្តិភាព។

ជំនួសមុខឱ្យប្រជាពលរដ្ឋទទួលផលទាំងអស់​ និងក្នុងនាម​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ឆ្នាំង​ ឯកឧត្តម​ ស៊ុន​ សុវណ្ណារិទ្ធិ​ ប្រធានគណៈកម្មាធិការសាខា​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលតែងតែយកចិត្តទុកដាក់​ គិតគូរពីសុខទុក្ខ​ ចំពោះប្រជាពលរដ្ឋទាំងអស់ដោយមិនប្រកាន់វណ្ណៈ​ ពូជសាសន៍​ សាសនា​ ឬនិន្នាការនយោបាយអ្វីឡេីយ។

សូមបញ្ជាក់ថា​ អំណោយ​ដែល​កាកបាទក្រហមកម្ពុជា​ បានទទួលពីសប្បុរសជនក្នុងឱកាសទិវា​ ៨​ ឧសភា ត្រូវបានផ្តល់​ជូនដល់​គ្រួសារ​នីមួយៗនូវ ៖ អង្ករ​ ២៥គីឡូក្រាម​,​ មី​ ១កេស,​ ត្រីខ​ ១០កំប៉ុង​,​ ទឹកស៊ីអ៊ីវ​ ១យួរ,​ ជែលលាងដៃ​ ១ដប​,​ ឃីត (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត)​ ១កញ្ចប់, នំប៉័ង​ ១ដេីម​ និងទឹកសុទ្ធ​ ១ដប។ ដោយឡែក​ ចំពោះចាស់ឥតទីពឹង​ ស្ត្រីមេម៉ាយ​មានកូនច្រេីន​ និងជនមានពិការភាព​ ទទួលបានថវិកាបន្ថែម​ ២ម៉ឺនរៀល៕