
សកម្មភាពផ្សព្វផ្សាយ ចាក់សារអប់រំ ចែករូបភាព ចែកម៉ាស់ និងសាប៊ូដល់អ្នកចូលរួមស្តាប់ពីការបង្ការ ឆ្លងជំងឺកូវីដ១៩នៅក្រុងសិរីសោភ័ណ
សាខាកក្រកខេត្តបន្ទាយមានជ័យ÷ នៅព្រឹកថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ បុគ្គលិកក្រុមប្រតិបត្តិសាខា៤នាក់ស្រី៣នាក់ អ្នកស្ម័គ្រចិត្ត៥នាក់ស្រី៣នាក់យុវជនកក្រក៥នាក់ស្រី៤នាក់បានចុះអប់រំផ្សព្វផ្សាយ ចាក់សារអប់រំចែករូបភាពអប់រំ ចែកម៉ាស់ និងសាប៊ូដល់អ្នកចូលរួមស្តាប់ពីការបង្ការឆ្លងជំងឺកូវីដ១៩នៅក្នុងភូមិគាប ភូមិទឹកថ្លា និងភូមិដីឡូតិ៍ សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ និងបន្តចុះអប់រំផ្សព្វផ្សាយនៅបរិវេណផ្សារទឹកថ្លាមានអ្នកចូលរួមស្តាប់ចំនួន៣០២នាក់ ស្រី១៨១នាក់ លើ៩៩ខ្នងផ្ទះ ។
គោលបំណងនៃយុទ្ធនាការផ្សព្វផ្សាយនេះ ដើម្បីចូលរួមផ្សព្វផ្សាយជូនដល់បងប្អូន ប្រជាពលរដ្ឋឲ្យបានទូលំទូលាយស្តីពីវិធានការការពារនិងរក្សាអនាម័យ ជាពិសេស បានចាក់សារអំពាវនាវ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសារអប់រំរបស់ក្រសួងសុខាភិបាល តាមរថយន្ត ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដូចខាងក្រោម៖
១- លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល
២- ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ
៣- ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ
៤- ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥- បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ
៦- ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ