
វគ្គផ្សព្វផ្សាយស្តីពី ”ការទប់ស្កាត់ការកេងប្រវ័ញ្ច ផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងការលើកកម្ពស់ការចូលរួមកុមារដែលមានពិការភាពនៅខេត្តសៀមរាប
នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបានបើកវគ្គផ្សព្វផ្សាយស្តីពី ”ការទប់ស្កាត់ការកេងប្រវ័ញ្ច ផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងការលើកកម្ពស់ការចូលរួមកុមារដែលមានពិការភាព”ដល់យុវជនកាកបាទក្រហមកម្ពុជា យុវកាយរិទ្ធជាតិកម្ពុជា យុវសិស្ស វិទ្យាល័យហ៊ុនសែនវត្តស្វាយសរុបចំនួន៦៨នាក់ ស្រី៣៨នាក់ ក្រោមកិច្ចសហការគាំទ្រពីអង្គការPeople’s Action for Inclusive Development(PAfID)។វគ្គអប់រំផ្សព្វផ្សាយនេះមានគោលបំណងឱ្យយុវជនទទួលបានចំណេះដឹងដើម្បីបង្ការការពារពីការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ ហើយយកចំណេះដឹង ទាំងនេះទៅផ្សព្វផ្សាយបន្តដល់ មិត្តភក្តិ បងប្អូន ប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យចូលរួម ការពារនិង ទប់ស្កាត់ ពីការ កេងប្រវ័ញ្ចគ្រប់រូបភាព និងបង្កើនឱកាសនៃការចូលរួម របស់កុមារ ក្នុងសកម្មភាពអភវឌ្ឍសង្គមដោយគ្មានការរំលោភបំពាន និងការភ័យខ្លាច ។ នាឱកាសនោះអ្នកសម្របសម្រួលក្នុងវគ្គផ្សព្វផ្សាយខាងលើ ក៏បានធ្វើបទបង្ហាញនូវប្រធានបទដូចជា ៖ ១.ការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញ ដោយមានខ្សែវីដេអូរអប់រំខ្លី ២.ការលើកកម្ពស់កុមារមានពិការភាពក្នុងការចូលរួមការងារសង្គម ៣.បញ្រ្ជាបពីតួនាទី និង គោលការណ៍គ្រឹះទាំង៧ កាកបាទក្រហមកម្ពុជា ការងារយុវជនកាកបាទក្រហមកម្ពុជា និងសុវត្ថិភាពចរណ៍ ការថែរក្សាសុខភាពរក្សានូវវិធានការ ៣ការពារ ៣កុំ និងសម្រាកក្នុងមុងការពារពីជំងឺគ្រុនឈាម ព្រមទាំងបានចែកខិតប័ណ្ណផងដែរ។