• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

វគ្គបណ្តុះបណ្តាល គ្រូជំនួយបង្ហាត់វិជ្ជាសង្គ្រោះបឋម កាកបាទក្រហមកម្ពុជា និងធ្វើលំហាត់អនុវត្តន៍

នៅព្រឹកថ្ងៃអង្គារទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងបើកវគ្គបណ្តុះបណ្តាល គ្រូជំនួយបង្ហាត់វិជ្ជាសង្គ្រោះបឋម កាកបាទក្រហមកម្ពុជា និងធ្វើលំហាត់អនុវត្តន៍ ចូលរួមទិវាពិភពលោកសង្គ្រោះបឋម ក្រោមប្រធានបទ “ធ្វើជាវីរជនសង្គ្រោះបឋមនៅតាមសាលារៀន និងក្នុងសហគមន៍របស់អ្នក” ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ២៧នាក់ មានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ១៤ ដល់ ១៥ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកកម្ពុជា។

នៅក្នុងឱកាសសំណោះសំណាលនេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានលើកឡើងពីប្រវត្តិនៃការកើតមាននូវវិជ្ជាសង្គ្រោះបឋម ព្រមទាំងបានបញ្ជាក់ពីសារសំខាន់ នៃវិជ្ជាសង្គ្រោះបឋម ដែលជាវិជ្ជាសម្រាប់ជួយអ្នករបួសក្នុងឧបទ្ទវហេតុ ឬគ្រោះថ្នាក់និងជំងឺផ្សេងៗ មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យឬមុនពេលគ្រូពេទ្យមកដល់ សរុបមកវិជ្ជាសង្គ្រោះបឋមមានន័យនិងសារសំខាន់ណាស់សម្រាប់ពីយើងម្នាក់ទៅម្នាក់ក្នុងការជួយអ្នកគ្រោះថ្នាក់ចរាចរណ៍ អ្នកខ្យល់គរ និងអ្នកជួបបញ្ហាផ្សេងៗទៀតបានទាន់ពេលវេលា ដោយបន្ថយភាពឈឺចាប់និងជួយសង្គ្រោះជីវិតជនរងគ្រោះដែលមានសភាពធ្ងន់ធ្ងរឲ្យរួចផុតពីសេចក្តីស្លាប់ក្នុងរយៈពេលខ្លី និងការពារជនរងគ្រោះកុំឲ្យគ្រោះថ្នាក់បន្ថែមនិងជួយសម្រួលដល់ក្រុមគ្រូពេទ្យងាយក្នុងការព្យាបាល។ ដូច្នេះការបើកវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះគឺជាការបន្ថែមនូវចំណេះដឹងថ្មីៗដល់សិក្ខាកាមពិសេសជាការអនុវត្តតាមប្រសាសន៍ណែនាំ និងទិសដៅរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែបានយកចិត្តទុកដាក់និងជំរុញឲ្យកាកបាទក្រហមកម្ពុជា ខិតខំពង្រឹងនិងពង្រីកនូវជំនាញវិជ្ជាសង្គ្រោះបឋមនេះឲ្យបានកាន់តែទូលំទូលាយនិងមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងដូចខាងក្រោម៖

– ដើម្បីបណ្តុះបណ្តាលគ្រូជំនួយបន្ថែមទៀតនៅថ្នាក់កណ្តាល នូវជំនាញ ចំណេះដឹងថ្មីៗ ក្នុងការផ្តល់ ចំណេះដឹងអំពីសង្គ្រោះបឋមក្នុងដំណាក់កាលកូវីដ-១៩។

-ដើម្បីពិនិត្យមើលបច្ចេកទេសជួយសង្គ្រោះបឋមដល់ជនរងគ្រោះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពត្រឹមត្រូវតាមបច្ចេកទេសស្របតាមបច្ចុប្បន្នភាពរោគរាតត្បាតមេរោគកូវីដ-១៩ នៅតែបន្តជាសកល។

-ការបើកវគ្គបណ្តុះបណ្តាលគ្រូជំនួយបង្ហាត់សង្គ្រោះបឋម មានសារសំខាន់ខ្លាំងណាស់ អាចពិនិត្យមើលសកម្មភាពគ្រូបង្ហាត់ ដើម្បីបង្រៀនបន្ត តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំយុវជន និងកីឡា ស្តីពីគោលការណ៍ប្រតិបត្តិស្តង់ដាសម្រាប់លើកកម្ពស់សុខភាព និងសុវត្ថិភាព សិក្សាក្នុងការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន។

-ដើម្បីផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋមក្នុងដំណាក់កាលកូវីដ-១៩ ស្របតាមខ្លឹមសាររបស់សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ហៅកាត់ថា (IFRC) ដែលបាន ប្រារព្ធទិវាពិភពលោកសង្គ្រោះបឋមនៅសប្តាហ៍ទី២ ខែកញ្ញា ឆ្នាំ២០២១ នេះក្រោមប្រធានបទ “ធ្វើជាវីរជនសង្គ្រោះបឋមនៅតាមសាលារៀន និងក្នុងសហគមន៍របស់អ្នក” ដើម្បីពង្រឹងពង្រីកចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដល់សហគមន៍ ស្របតាមគោលការណ៍ ” សង្គ្រោះបឋមជាមូលដ្ឋាន” ក្នុងការអភិវឌ្ឍសេវាកម្មមនុស្សធម៌ សម្រាប់មនុស្សជាតិ។

-ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលមេរោគរលាកផ្លូវដង្ហើមកូវីដ-១៩ និងចូលរួមកាត់បន្ថយអត្រាស្លាប់ ពិការភាព ដោយគ្រោះថ្នាក់ការងារ គ្រោះថ្នាក់ចរាចរណ៍ និងជំងឺផ្សេងៗជាដើម៕