• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

វគ្គបណ្តុះបណ្តាលជាមូលដ្ឋានស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះបឋមដល់ទីប្រឹក្សា និងយុវជននៅអនុវិទ្យាល័យស្រុកអណ្តូងមាស

នៅថ្ងៃព្រហស្បតិ៍ ៩ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋានស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះបឋមដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ទើបជ្រើសរើសថ្មីប្រចាំអនុវិទ្យាល័យស្រុកអណ្តូងមាស  សរុបចំនួន៣២នាក់ ស្ត្រី១០ នាក់ ប្រព្រឹត្តទៅនៅក្នុងសាលាស្រុអណ្តូងមាស ខេត្តរតនគិរី។ ពិធីនេះមានការចូលរួមពីលោក ឌឹម ណាត នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី លោក ឃេន សានិត អភិបាលស្រុកអណ្តូងមាស ដែលវគ្គបណ្តុះបណ្តាល

នេះមានរយៈពេល១ថ្ងៃ ដោយមានការសម្របសម្រួលពីមន្ត្រីទទួលបន្ទុកយុវជន នៃសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងគោលបំណងផ្តល់នូវចំណេះដឹងជាមូលដ្ឋាន ដែលពាក់ព័ន្ធទៅនឹងប្រវត្តិរបស់ចលនា គោលការណ៍គ្រឹះទាំង៧  និងវិជ្ជាសង្គ្រោះបឋមដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ដែលទើបបានជ្រើសរើសថ្មី ដើម្បីឲ្យពួកគាត់ទទួលបាននូវជំនាញ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមអនុវត្តការងារមនុស្សធម៌នៅក្នុងមូលដ្ឋានរបស់ខ្លួន។

មានមតិក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ លោកឌឹម ណាត បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខដោយក្ដីស្រឡាញ់ និងនឹករលឹកពីសំណាក់ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា ដល់ទីប្រឹក្សា និងក្មួយៗយុវជនទាំងអស់សូមមានសុខភាពល្អ កម្លាំងមាំមួន ដើម្បីបំពេញសកម្មភាពការងារមនុស្សធម៌ និងការងារសង្គមបន្ដទៀត។ លោកនាយកបានបន្តទៀតថា ដើម្បីអោយក្លាយយុវជនមានក្របខណ្ឌពេញលេញជាយុវជនកាកបាទក្រហមកម្ពុជា គឺប្អូនៗទាំងអស់ត្រូវតែឆ្លងកាត់វគ្គបណ្តុះបណ្តាលជាមូលដ្ឋានគ្រឹះ និងការបំពាក់ឯកសណ្ឋាន បន្ទាប់ពីការធ្វើបច្ចប្បន្នភាពហើយ។ យុវជនកាកបាទក្រហមដែលមានថាមភាព គឺជាយុវជនដែលស្ម័គ្រចិត្ត លះបង់ពេលវេលាផ្ទាល់ខ្លួនក្រៅពីការងារសិក្សា ចូលរួមអនុវត្តសកម្មភាពមនុស្សធម៌ដោយការពេញចិត្ត។

ក្នុងឱកាសនោះដែរ លោក ឃេន សានិត មានមតិសំណេះសំណាលបើកវគ្គ ក៏បានសំណូមពរឲ្យអ្នកចូលរួមទាំងអស់ ខិតខំយកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះដឹងពីគ្រូបង្ហាត់ឲ្យបានល្អ ដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌ឲ្យកាន់តែល្អបន្ថែមទៀត ហើយត្រូវយកចំណេះដឹងទាំងអស់នេះទៅផ្សព្វផ្សាយបន្តដល់មិត្តភ័ក្រនៅសាលា និងនៅសហគមន៍ដែលខ្លួនរស់នៅ ត្រូវគោរពច្បាប់ចរាចរណ៍ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដែលបង្ករគ្រោះថ្នាក់ធ្ងន់ធ្ងរដល់យុវជន និងសង្គមជាតិ ខិតខំរៀនសូត្រ លើកកម្ពស់  ដើម្បីពង្រីកកម្លាំងយុវជនឲ្យស្ថិតនៅជាកម្លាំងស្នូលសម្រាប់ការងារជួយសង្គ្រោះនានា រួមចំណែកដល់ការលើកកម្ពស់វឌ្ឍនភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ៕