• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

លោក រ៉ូម៉ាន់ ផារ៉ាម៉ូនូវ ប្រធានបេសកកម្ម I.C.R.C ប្រចាំកម្ពុជា ជួបសវនាការ និងជម្រាបលា

កក្រក ៖ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ទទួលជួបសំណេះសំណាល ក្នុងឱកាសជម្រាបលារបស់លោក រ៉ូម៉ាន់ ផារ៉ាម៉ូនូវ (Roman Paramonov) ប្រធានបេសកកម្មនៃគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ប្រចាំកម្ពុជាដែលជំនួបនេះ ប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះដែរ លោកជំទាវ អគ្គលេខាធិការ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក រ៉ូម៉ាន់ ផារ៉ាម៉ូនូវ និងបានរំលឹកពីអនុស្សាវរីយ៍ជាច្រើនក្នុងកំឡុងពេលបំពេញបេសកកម្ម អស់រយៈពេល ៤ឆ្នាំ (២០១៧ – ខែ១១ ឆ្នាំ២០២០)

នៅប្រទេសកម្ពុជា។ ជាពិសេសវត្តមានរបស់គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម(អាយ.ស៊ី​.អរ.ស៊ី.​ ICRC) ចាប់តាំងពីឆ្នាំ១៩៧៩ ដល់បច្ចុប្បន្ន លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍សួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសូមថ្លែងអំណរគុណ ចំពោះ លោក រ៉ូម៉ាន់ ផារ៉ាម៉ូនូវ ដែលបានជួយជ្រោមជ្រែង និងឧបត្ថម្ភគាំទ្រកាកបាទក្រហមកម្ពុជា ទាំងថវិកា និងបច្ចេកទេសដល់កាកបាទក្រហមកម្ពុជារួមមាន ការងារស្តារទំនាក់ទំនងគ្រួសារ, ការផ្សព្វផ្សាយអំពីចលនាអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ និងកាកបាទក្រហមកម្ពុជា, ការផ្តល់ប្រាក់កម្ចីឥតការប្រាក់តាមខេត្តចំនួន៤ គឺ ខេត្តព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងបន្ទាយមានជ័យ និងជួយមជ្ឈមណ្ឌលស្តារលទ្ធភាពកាយនីតិសម្បទាចំនួន ២ នៅខេត្តបាត់ដំបង និងខេត្តកំពង់ស្ពឺ, លើសពីនេះទៅទៀត ក៏បានជួយក្នុងផ្នែក ការបំពេញការងារប្រកបដោយសុវត្ថិភាព (Safer Access) ។ ដោយឡែកនៅឆ្នាំ២០២០ នេះ គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) បានផ្តល់ថវិកាចំនួន ៤០,០០០ ដុល្លារអាមេរិក ដើម្បីផលិត បណ្ណប្រកាស និងធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីជំងឺកូវីដ-១៩ ផ្តល់ថវិកាមួយចំនួនទៀតសម្រាប់ជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីជម្លៀសអ្នកជាប់ពន្ធនាគារ ដែលរងគ្រោះដោយទឹកជំនន់ផងដែរ។

ជាមួយគ្នានេះ លោក រ៉ូម៉ាន់ ផារ៉ាម៉ូនូវ ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះសកម្មភាពមនុស្សធម៌ប្រកបដោយគតិបណ្ឌិត តម្លាភាព ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។ គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម បានប្ដេជ្ញាបន្តការជួយឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ក្នុងឆ្នាំ២០២១ បន្តទៀត ដើម្បីរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះនៅកម្ពុជា។