• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

លោកជំទាវ ទាង អេង ទៀសីហា ជួបសួរសុខទុក្ខ ស្ត្រីមានផ្ទៃពោះ និងទើបសម្រាលបុត្ររួចនៅតាមមណ្ឌលសុខភាព

សាខា កក្រក ខេត្តសៀមរាប៖ នៅថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការីបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនស្ត្រីមានផ្ទៃពោះ និងទើបសម្រាលបុត្ររួចនៅតាមមណ្ឌលសុខភាព និងជនត្រូវចោទ ជនជាប់ចោទ ព្រមទាំងពិរុទ្ធជន ជាស្ត្រីមានកូនតូចតាម និងស្ត្រីមានផ្ទៃពោះនៅពន្ធនាគារខេត្ត សរុបចំនួន៨០នាក់ រួមមាន៖
– មណ្ឌលសុខភាព ចាន់ស ឃុំចាន់ស ស្រុកសូទ្រនិគម ចំនួន ១៥នាក់
– មណ្ឌលសុខភាព ពពេល ឃុំពពេល ស្រុកសូទ្រនិគម ចំនួន ៤០នាក់ និង
– ពន្ធនាគារខេត្ត ចំនួន ២៥នាក់

មានប្រសាសន៍នាឱកាសនោះ លោកជំទាវអនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ហើយយលោកជំទាវបានលើកឡើងថា ក្នុងគោលបំណងលើកកម្ពស់ការយកចិត្តទុកដាក់ចំពោះសុខភាពមាតា ទារក និងកុមារ និងដើម្បីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ពិសេសដើម្បីរួមចំណែកគាំទ្រ “ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ” កាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែគិតគូរខ្ពស់ចំពោះសុខភាពបងប្អូនជាស្ដ្រី និងកុមារ។ លោកជំទាវក៏បានពាំនាំនូវសារសុខភាពរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានជូនដល់មាតាៗរួមមាន៖
១- សូមឱ្យស្ត្រីមានគភ៌ទាំអស់ អញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យឆ្មបជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះឱ្យបានទៀងទាត់យ៉ាង យ៉ាងតិចចំនួន៤ដងតាមពេលវេលា និងការណែនាំរបស់គ្រូពេទ្យជំនាញ ទទួលយកសេវាបង្ការ ព្យាបាល ថែទាំទាំងអស់ និងស្ម័គ្រចិត្តធ្វើតេស្ដឈាមដើម្បីពិនិត្យស្ថានភាពមេរោគអេដស៍ និងមេរោគស្វាយ ដើម្បីលុបបំបាត់ ពិការភាព និងការចម្លងជំងឺទាំងពីរនេះពីម្ដាយទៅកូន ។
២- សូមទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលមានគ្រូពេទ្យឆ្មបជំនាញ បានទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវ។
៣- សូមអញ្ជើញទៅពិនិត្យសុខភាពក្រោយពេលសម្រាលទាំងមាតា និងទារក និងទទួលថ្នាំបង្ការជំងឺ១១មុខ កាលកំណត់របស់គ្រូពេទ្យ និងពិនិត្យតាមដានសុខភាព និងការលូតលាស់របស់កូនរហូតដល់មានអាយុ២ឆ្នាំ។
៤- សូមបំបៅទារកដោយទឹកដោះម្ដាយតែមួយមុខគត់ ចាប់ពីពេលទារកប្រសូតភ្លាមរហូតដល់ទារកមានអាយុ៦ខែ និងផ្ដល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវភាព (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅម្ដាយរហូតដល់កុមារមានអាយុយ៉ាងតិច ២ឆ្នាំ។
៥- សូមប្រញាប់យកទារកទៅមន្ទីរពេទ្យភា្លម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺឆ្លងដទៃទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន ម្នាក់ៗទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ ទឹកដោះគោ២កំប៉ុង ស្ករស១គីឡូក្រាម ត្រីខ១យួរ មី១កេស សាប៊ូក្រអូប ២ដុំ សម្ភារទារក១កញ្ចប់ និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ។