• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

លទ្ធផលនៃកិច្ចប្រជុំថ្នាក់ដឹកនាំ និងអគ្គលេខាធិការ កាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ លើកទី១៧ តាមរយៈប្រព័ន្ធវីដេអូ

នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជាចំនួន ៩រូប ចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ និងអគ្គលេខាធិការ កាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ លើកទី១៧ តាមរយៈប្រព័ន្ធវីដេអូ ដែលបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃគឺ ថ្ងៃទី១៤-១៥ ខែតុលា ឆ្នាំ២០២០ ចាប់ពីម៉ោង ១៣ម៉៣០នាទី ដល់ម៉ោង ១៦ម៉៣០នាទី ហើយដែលប្រទេសវៀតណាម

ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំឆ្នាំ២០២០នេះ។

ក្នុងរយៈពេល២ថ្ងៃនេះ កិច្ចប្រជុំថ្នាក់ដឹកនាំ និងអគ្គលេខាធិការ កាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ លើកទី១៧ តាមរយៈប្រព័ន្ធវីដេអូ បានធ្វើការពិភាក្សាយ៉ាងទូលំទូលាយលើកិច្ចការសំខាន់ៗចំនួន៤ដូចខាងក្រោម ៖

១. ការឆ្លើយតប និងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ ថ្នាក់ដឹកនាំនៃបណ្តាសមាគមជាតិទាំងអស់បានឯកភាពគ្នាលើការងារអាទិភាពចំនួន៧ ដើម្បីយកជ័យជំនះលើការគំរាមកំហែង និងបញ្ហាប្រឈមនៃជំងឺកូវីដ-១៩ ៖

​ * សមាគមជាតិនីមួយៗត្រូវគិតគូរអំពីធនធានថវិកាឱ្យបានគ្រប់គ្រាន់ ដើម្បីធានាបាននិរន្តរភាពផ្នែកហិរញ្ញវត្ថុសម្រាប់បំពេញការងាររបស់ខ្លួន។

* សមាគមជាតិត្រូវបន្តធ្វើការងារជាមួយគ្នា ជួយគ្នាទៅវិញទៅមក សហការគាំទ្រ និងផ្គត់ផ្គង់សម្ភារចាំបាច់ដើម្បីសម្រចបាននូវគោលដៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ។

* សមាគមជាតិត្រូវពង្រឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងរបៀបធ្វើការតាមបែបថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបន្តធ្វើការងារជាមួយគ្នា ជាពិសេសការអនុវត្តនូវមេរៀនពិសោធន៍នៃការប្រកាសអាសន្នតាមប្រព័ន្ធឌីជីថល។

* សមាគមជាតិត្រូវមានផែនការធុរកិច្ចរបស់ខ្លួនច្បាស់លាស់ ដើម្បីមានលក្ខណៈច្នៃប្រឌិតក្នុងការបំពេញការងារ ធ្វើយ៉ាងណា ផ្គត់ផ្គង់ខ្លួនឯងឱ្យបានគ្រប់គ្រាន់ និងអាចជួយដល់អ្នកដទៃនៅពេលមានគ្រោះមហន្តរាយ ឬវិបត្តិភ័យនានាកើតឡើង។

* ទន្ទឹមនឹងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ សមាគមជាតិក៏ត្រូវគិតគូរអំពីវិធានការការពារ និងសុវត្ថិភាពរបស់ប្រតិបត្តិករមនុស្សធម៌ ជៀសវាងគ្រោះថ្នាក់ការងារ ឬឆ្លងជំងឺនានាជាយថាហេតុ។

* សមាគមជាតិត្រូវផ្តោតទៅលើសហគមន៍ ធ្វើយ៉ាងណាឱ្យសហគមន៍រឹងមាំ មានការចូលរួមពីប្រជាពលរដ្ឋ ដើម្បីការងារទទួលបានជោគជ័យ ជាពិសេសត្រូវមានគំនិតនវានុវត្តន៍ក្នុងការផ្តល់សេវាកម្មមនុស្សធម៌ ដើម្បីឱ្យប្រជាពលរដ្ឋអាចរឹងមាំខ្លួនឯង និងមានលទ្ធភាពទ្រទ្រង់ខ្លួនឯងបាន។

* សមាគមជាតិត្រូវបន្តការងារទំនាក់ទំនងការទូតផ្នែកមនុស្សធម៌ ខិតខំប្រឹងប្រែងបំពេញការងារក្នុងឋានៈជាជំនួយការឱ្យអាជ្ញាធរសាធារណៈរបស់រាជរដ្ឋាភិបាលនៃប្រទេសរៀងៗខ្លួន។

២. ការត្រួតពិនិត្យលើផែនការសកម្មភាពចំនួន២១ និងទិសដៅការងារចំនួន១៣ ដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៩។ ចំពោះកាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្តលើការងារទាំងនោះជាបន្តបន្ទាប់មកហើយ។ ថ្នាក់ដឹកនាំនៃបណ្តាសមាគមជាតិទាំងអស់ បានប្តេជ្ញាចិត្តបន្តរួមគ្នាដើម្បីសម្រេចបានគោលដៅដែលបានដាក់ចេញក្នុងផែនការសកម្មភាពទាំងនេះ ហើយបានឯកភាពឱ្យមានកិច្ចប្រជុំពាក់កណ្តាលទីក្នុងឆ្នាំ២០២១ ដើម្បីត្រួតពិនិត្យការងារ ដោយមាន សហព័ន្ធអន្តរជាតិ កាកបាទក្រហមវៀតណាម និងកាកបាទក្រហមថៃ ជាអ្នកទទួលបន្ទុករៀបចំ។

៣. ការពង្រឹង និងធ្វើការរួមគ្នាតាមរយៈបណ្តាញទាំង៥​ ដែលសមាគមជាតិមាន​ គឺ​ បណ្តាញយុវជនអាស៊ី-អាគ្នេយ៍ បណ្តាញកៀរគររកមូលនិធិ បណ្តាញភាពធន់ និងសុវត្ថិភាពសហគមន៍ បណ្តាញការងារចំណាកស្រុកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងបណ្តាញការងារអេដស៍នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ចំពោះបណ្តាញការងារយុវជនអាស៊ី-អាគ្នេយ៍ សមាគមជាតិនីមួយៗត្រូវបន្តជំរុញ និងលើកកម្ពស់យុវជនឱ្យចូលរួមធ្វើការងារ ពង្រឹងភាពជាអ្នកដឹកនាំរបស់យុវជន ធ្វើយ៉ាងណាឱ្យយុវជនមានជំនឿទុកចិត្តខ្លួនឯង និងមានគំនិតនវានុវត្តន៍ ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំនាពេលអនាគត។

៤. ការកំណត់កាលបរិច្ឆេទកិច្ចប្រជុំលើកទី១៨។ ប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំលើកទី១៨ នៅមុនខែតុលា ឆ្នាំ២០២១ខាងមុខនេះ ហើយដែលកាកបាទក្រហមថៃ នឹងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំលើកទី១៨នេះ៕