• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

យុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យវេស្ទើន ទទួលបានឯកសណ្ឋានថ្មី

រសៀលថ្ងៃទី២ ខែសីហា​ ឆ្នាំ២០២២​ ឯកឧត្តម​ ពិត​ ចំណាន​ សមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា​ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា​ សរុប ៨៨ នាក់ នៃសាកលវិទ្យាល័យវេស្ទើន​ និងមានការអញ្ជើញចូលរួមពី លោកជំទាវ​ ដាំ​ ដារិនី​ ប្រធានស្ដីទីសហភាពសហព័ន្ធយុវជនកម្ពុជា​ ឯកឧត្តម តែ​ ឡូរិន​ ប្រធានកិត្តិយសក្លឹបយុវជន​ នៃសាកលវិទ្យាល័យវេស្ទើន លោកសាកលវិទ្យាធិការ​ លោកសាកលវិទ្យាធិការរង​ ​ឯកឧត្តមទីប្រឹក្សាយុវជន​ លោកគ្រូ អ្នកគ្រូទីប្រឹក្សាយុវជន​ បុគ្គលិក​ សាស្ដ្រាចារ្យ​ នៃគ្រឹះស្ថានឧត្តមសិក្សា​ ២៣​ ក្នុងរាជធានីភ្នំពេញ​ យុវជនកាកបាទក្រហមកម្ពុជា​ និស្សិត​ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា​ សរុបប្រមាណ​ ២០០នាក់។

ជាការស្វាគមន៍​ ឯកឧត្តម​ តែ​ ឡូរិន​ ប្រធានកិត្តិយសក្លឹបយុវជន​ បានបង្ហាញពីរបាយការណ៍វឌ្ឍនភាពរបស់សាកលវិទ្យាល័យ​ ប្រវត្តិនៃការបង្កើតក្លឹបយុវជន​ និងសកម្មភាពលេចធ្លោរបស់យុវជននាពេលកន្លងមក។ ក្រៅពីនេះ​ ក៏បានប្ដេជ្ញាចិត្តបន្ដលើកស្ទួយកសម្មភាពរបស់យុវជនផងដែរ។

លើសពីនេះ​ លោកជំទាវ​ ដាំ​ ដារិនី​ ប្រធានស្ដីទីសហភាពសហព័ន្ធយុវជនកម្ពុជា​ ក៏បានគូសបញ្ជាក់ពីប្រវត្ត​ និងសកម្មភាពរបស់អង្គការមហាជនមួយនេះ​ រួមទាំងកិច្ចសហការគ្នាក្នុងការបំពេញសកម្មភាពការងារសង្គម​ និងមនុស្សធម៌​ រួមចំណែកកាត់បន្ថយភពក្រីក្រក្នុងសហគមន៍។

ស្ថិតក្នុងឱកាសដ៏មានសារសំខាន់នេះ ឯកឧត្តម​ ពិត​ ចំណាន​ បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីកោតសរសើរពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​និងបានផ្ដល់នូវអនុសាសន៍សំខាន់ៗមួយចំនួនរួមមាន៖

១- សូមបន្ដខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីពង្រឹង និងពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមស្ថានភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី។

២- បន្ដពង្រឹង និងពង្រីកបណ្ដាញយុវជន កក្រក ពីក្នុងចំណោមសិស្សនៅវិទ្យាល័យ ដើម្បីផ្ដល់ឱកាសឱ្យពួកគេចូលរួមការងារមនុស្សធម៌ ជាប់ជាប្រចាំ។

៣- សូមយកចិត្តទុកដាក់ជួយចំពោះសិស្ស និងយុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាព ខ្វះខាត ហើយកំពុងសិក្សានៅតាមសាលា និងសិស្សកំព្រា ព្រមទាំងប្រជាពលរដ្ឋនៅតាមសហគមន៍របស់ខ្លួន។

៤- សូមយុវជនកាកបាទក្រកម្ពុជាទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ និងជៀសអោយឆ្ងាយ ពីគ្រឿងស្រវឹង គ្រឿងញៀន និងធ្វើការអនុវត្តការងារស្របតាមបរិបទ ការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។

៥-ពង្រឹង និងពង្រីកនូវវប្បធម៌ចែករំលែក មិត្តអប់រំមិត្ត អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ ទៅកាន់សិស្ស និស្សិត និងយុវជន កក្រក នៅក្នុងសាកលវិទ្យាល័យ និងសហគមន៍នានា។

៦-សូមផ្សព្វផ្សាយដល់សមាជិកយុវជន និងនិស្សិតទូទៅ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ចាប់ពី ម៉ោង ៧ម៉០០ ព្រឹក រហូតដល់ម៉ោង ១៥ម៉០០ រសៀល។

៧-ត្រូវធ្វើជាកូនល្អ​ ខិតខំប្រឹងប្រែងរៀនសូត្រ​ ធ្វើអំពើល្អ​ ដើម្បីតបស្នងសងគុណឪពុកម្ដាយ​ ដោយកុំធ្វើឱ្យលោកទាំទ្វេរពិបាកចិត្ត​។

ក្នុងពិធីនេះដែរ ក៏មានផ្ដល់នូវសេចក្ដីសម្រេចទទួលស្គាល់ប្រធានកិត្តិយស​ក្លឹប​ និងទីប្រឹក្សាយុវជន​ ក្លឹបយុវជនកាកបាទក្រហមកម្ពុជា​ ប្រចាំវិទ្យាស្ថាន​ និងប្រគល់ឃីតសង្គ្រោះបឋម​ ផងដែរ៕