
យុទ្ធនាការអប់រំផ្សព្វផ្សាយ និងចែកខិតប័ណ្ណ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកនៅរាជធានីភ្នំពេញ
នាព្រឹកថ្ងៃពុធ ទី០៨ ខែ មេសា ឆ្នាំ ២០២០នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលមាន លោក ប៉ាត់ ប៊ុនផា មន្ត្រីទទួលបន្ទុកយុវជនប្រចាំសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា សហការជាមួយអនុសាខាខណ្ឌពោធិ៍សែនជ័យ គណៈកម្មការផ្សារសុិនជូរី ផ្លាហ្សា និងផ្សារជម្ពូវ័ន សរុបចំនួន២៥នាក់ បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ និងចែកខិតប័ណ្ណ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់ប្រជាពលរដ្ឋ អាជីវករលក់ដូរ អ្នករត់ម៉ូតូកង់បី អ្នករត់តាក់ស៉ី នៅបរិវេណផ្សារជម្ពូវ័ន ។គោលបំណងនៃការចុះអប់រំផ្សព្វផ្សាយនេះគឺ៖
១- ដើម្បីកាត់បន្ថយអត្រាស្លាប់ និងរងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសកម្ពុជា ឲ្យធ្លាក់ចុះមកនៅកម្រិតទាបបំផុត ។
២- ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ។
៣- ដេីម្បីឲ្យបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ពេលដែលធ្វេីដំណេីរទៅទីជិតឆ្ងាយ និងសូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតពេលដែលបេីកបរ ត្រូវតែគិតអំពីសុវត្ថិភាពខ្លួនឯងជាចំបង ។
សូមបញ្ជាក់ថា៖ បេីតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឲ្យដឹងថា៖ នៅឆ្នាំ២០១៩កន្លងទៅនេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងចំនួន២៦% ប្រៀបធៀបនឹងឆ្នាំ២០១៨ ក្នុងនោះចំនួនអ្នកស្លាប់បានកើនឡើង១២% និងអ្នករបួសបានកើនឡើងចំនួន២៩% ប្រៀបធៀបនឹងឆ្នាំ២០១៨ ៕