
យុទ្ធនាការផ្សព្វផ្សាយពី ការលុបបំបាត់ជម្រកមូសខ្លា ការពារ និងទប់ស្កាត់ជំងឺគ្រុនឈាម ជូនដល់ប្រជាពលរដ្ឋរស់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ
នាព្រឹកថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២នេះ លោក សោម ចន្ត្រា នាយករងសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ តំណាងលោកជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា បានចុះយុទ្ធនាការអប់រំផ្សព្វផ្សាយពី ការលុបបំបាត់ជម្រកមូសខ្លា ការពារ និងទប់ស្កាត់ជំងឺគ្រុនឈាម ជូនដល់ប្រជាពលរដ្ឋរស់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ នាឱកាសបើកយុទ្ធនាការនោះ លោកនាយករង បានលើកឡើងថា ជំងឺគ្រុនឈាមគឺកើតឡើងទាំងរដូវវស្សា និងរដូវប្រាំង អាចឆ្លងបានមនុស្សវ័យមិនថាចាស់ឫក្មេង តាមរយៈមូសខ្លាមានឆ្នូតៗពណ៌សមានដែលផ្ទុកវីរុសម្យ៉ាង មូសនេះកើតចេញពីប្រភពកន្លែងដែលមានទឹកដក់ដូចជា សំបកកំប៉ុង សំបកដប សំបកកង់ឡាន ថូផ្កា ។ល។ លោកបានបន្តថា ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាមនៅក្នុងសហគមន៍របស់យើង គឺត្រូវចូលរួមទាំងអស់គ្នា ដោយត្រូវប្រមូលសំបកកំប៉ុង ដប និងរបស់របរសម្ភារៈដែលអាចដក់ទឹកបានទៅកប់ឬដុតចោល ដាក់ថ្នាំអាបេតនៅក្នុងពាងទឹក កាប់ឆ្ការព្រៃដែលនៅជុំវិញផ្ទះ បោសសម្អាតផ្ទះឱ្យបានស្អាត បើកបង្អួចនៅពេលថ្ងៃឱ្យមានពន្លឺចេញចូលល្អ ពេលយើងសម្រាកត្រូវគេងនៅក្នុងមុងឬក៏មុងជ្រលក់ថ្នាំឱ្យបានត្រឹមត្រូវ និងត្រូវស្លៀកសម្លៀកបំពាក់វែងៗ ។ ក្នុងករណីមានការសង្ស័យ ដូចជាមានអាការៈគ្រុនក្តៅខ្លាំង ត្រូវប្រញាប់ប្រញាល់នាំអ្នកជំងឺទៅមណ្ឌលសុខភាព ឬមន្ទីពេទ្យដែលនៅជិតបំផុត ដើម្បីពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលា ចៀសវាងការផ្សំថ្នាំប្រើដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ ។
សូមបញ្ជាក់ថា៖ ក្នុងយុទ្ធនាការនោះ ក៏មានការចុះអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅតាមលំនៅដ្ឋាន ដូចជាចែកខិតប័ណ្ណ បិទបដា ដាក់និងចែកថ្នាំអាបេតជូនដល់ពួកគាត់ផងដែរ ៕