
យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅតំបន់កោះខ្យង ឃុំអូជ្រៅ ស្រុកព្រៃនប់
សាខាកក្រក ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យមន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ដោយមានកំលាំងសរុប ១៣នាក់ ស្រ្តី ០៥នាក់ ទៅលើប្រជានេសាទ និងប្រជាពលរដ្ឋជាពាណិជ្ជករផ្លាស់ប្តូរទំនិញ នៅតំបន់កោះខ្យង ឃុំអូជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សាខាខេត្តបានប្រើប្រាស់ការចាក់ផ្សាយតាមឃោសនាសព្ទ និងផ្តល់អាល់កុល សាប៊ូ ម៉ាស ជូនអ្នកស័្មគ្រចិត្ត ក្នុងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ៖
គោលបំណងនៃយុទ្ធនាការនេះគឺ ដើម្បីចូលរួមបន្តផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយស្តីពីវិធានការការពារ និងរក្សាអនាម័យ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ ទាំងអស់គ្នា ។
ក្រុមការងារបានធ្វើការណែនាំអំពីរបៀបរស់នៅធម្មតា តាមបែបគន្លងថ្មី និងរក្សាការពារការឆ្លងជំងឺកូវីដ-១៩ ÷
១.អនុវត្តរក្សាគម្លាតសុវត្ថិភាពឱ្យបានពី ១,៥០ម៉ែត្រ
២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល
៣.ពាក់ម៉ាស់ការពារពេលធ្វើដំណើរទៅទីប្រជុំជន
ត្រូវគិតគូរអំពីអំពីកន្លែងដែលអ្នកត្រូវទៅ និងត្រូវរក្សាសុវត្ថភាព តាមរយះការចៀសវាងទីកន្លែងបី គឺ៖
១.កន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់
២.កន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន
៣.កន្លែងមនុស្សនៅជិតគ្នា ជាពិសេសកន្លែងដែលមនុស្សសន្ទនាស្ថិតនៅជិតគ្នា
អ្នកស្ម័គ្រចិត្តអប់រំផ្សព្វផ្សាយ បិទPoster ចែកខិត្តប័ណ្ណ និងចែកម៉ាសដល់ប្រជានេសាទ និងប្រជាពលរដ្ឋជាពាណិជ្ជករផ្លាស់ប្តូរទំនិញ នៅតំបន់កោះខ្យង សរុបចំនួន ១៦៣ គ្រួសារ មានប្រជាជនចូលរួមសរុប ២៣៦នាក់ ស្រ្តី ១៦២នាក់ ៕ SBR