
យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅ ខេត្តពោធិ៍សាត់
នាព្រឹកថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០នេះ ដឹកនាំដោយ លោកទេព រ៉ុម នាយករងប្រតិបត្តិសាខា និងមន្រ្តីប្រតិបត្តិសាខា បានធ្វើការចុះអប់រំផ្សព្វផ្សាយ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ រស់នៅជុំវិញផ្សារធំថ្មី ផ្សារភួពុយ និងភូមិកោះជុំ ឃុំដងរុង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ក្នុងឱកាសនោះដែរលោក ទេព រ៉ុម នាយករងប្រតិបត្តិសាខា បានអំពាវនាវដល់បងប្អូនអាជីវករដែលលក់ដូរក្នុងផ្សារ និងនៅតាមភូមិ ឱ្យចូលរួមបង្ការ ទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងអស់គ្នា ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ត្រូវរស់នៅស្អាត បរិភោគស្អាត ជាពិសេសត្រូវលាងដៃជាមួយសាប៊ូ ទឹកអាល់កុលជាប្រចាំ ដើម្បីបង្ការការពារកុំឱ្យឆ្លងមេរោគដ៏កាចសាហាវនេះ។
សូមបញ្ជាក់ថា៖ ក្នុងប្រតិបត្តិការរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ចូលរួមចំនួន៩នាក់ ស្រី៣នាក់ បានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចំនួន៩១ខ្នងផ្ទះ និងបានចែកផុស្ទ័រចំនួន៥ដុំ=៥០០សន្លឹកផងដែរ៕