ពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបន្ទាយស្រី
សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានប្រារព្ធពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបន្ទាយស្រី ដែលស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ (ជាប់សាលាស្រុក) ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីមាន ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តមអ្នកឧកញ៉ា
សៀង ណាំ ប្រធានកិត្តិយសសាខា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានកិត្តិយស អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខាផងដែរ។ ភ្ញៀវកិត្តិយស សមាជិក សមាជិកា អង្គពិធីអញ្ជើញមកពីមន្ទីរ អង្គភាពជុំវិញខេត្ត តាជី យាយជី ប្រជាពលរដ្ឋតំណាងឃុំទាំង៦ក្នុងស្រុកបន្ទាយស្រី អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស សរុបជាង ៥០០នាក់។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការ សាខាបានឱ្យដឹងថា អគារទីសា្នក់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបន្ទាយស្រី ដ៏ថ្មីស្រឡាង គឺជាសមិទ្ធផលទី៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលត្រូវបានដំណើរការសាងសង់តាំងពីខែឧសភា និងរួចរាល់ជាស្ថាពរនៅដើមខែកញ្ញា ឆ្នាំ២០១៧។ អគារនេះមានក្រឡាផ្ទៃសរុប ១៣៦ម៉ែត្រការ៉េ និងត្រូវបានសាងសង់លើផ្ទៃដីទំហំ ៦៩០ម៉ែត្រការ៉េ ដើម្បីប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ស្របបាវចនា “ធ្វើឱ្យកាន់តែច្រើនជាងមុន ធ្វើឱ្យកាន់តែល្អជាងមុន ធ្វើឱ្យកាន់តែស៊ីជម្រៅជាងមុន និងទៅឱ្យកាន់តែឆ្ងាយជាងមុន” ។
ជាមួយគ្នានេះដែរ សប្បុរសជនដែលអញ្ជើញមកក្នុងពិធីសម្ភោធដាក់ឱ្យ ប្រើប្រាស់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបន្ទាយស្រីនេះ បានចូលរួមថវិកា សរុបប្រមាណ ៤,២២០ ដុល្លាអាមេរិក និង៩០ម៉ឺនរៀល ប្រគល់ជូនអនុសាខា ស្រុកបន្ទាយស្រី ដើម្បីចាត់ចែងនិងទ្រទ្រង់សកម្មភាពមនុស្សធម៌ក្នុងភូមិសាស្ត្ររបស់ខ្លួន។