• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីប្រគល់-ទទួលម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស រួមជាមួយរថយន្តចល័ត និងម៉ាស៊ីនភ្លើង នៅទីស្នាក់ការកាកបាទក្រហមកម្ពុជា

នាថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា បានទទួលពីឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នូវម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស១គ្រឿង រួមជាមួយរថយន្តចល័ត​ និងម៉ាស៊ីនភ្លើង​ ១ឈុត ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន

​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគំនិតផ្តួចផ្តើម និងការរៀបចំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់​ថុល ជាពិសេសការផ្តល់ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស (WATERGEN) ១គ្រឿង​ រួមជាមួយរថយន្តចល័ត​ និងម៉ាស៊ីនភ្លើង​ ១ឈុត​ មកជូនកាកបាទក្រហមកម្ពុជា។

ជាមួយគ្នានេះ​ លោកជំទាវកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ថា​ ចំពោះ​កាកបាទក្រហមកម្ពុជា​ ការប្រើប្រាស់ម៉ាស៊ីនផលិតទឹក និងចម្រោះទឹកនេះ តែនៅពេលជួបគ្រោះរាំងស្ងួត និងទៅតាមទួលសុវត្ថិភាពពេលមានទឹកជំនន់ គឺអត្ថប្រយោជន៍នៅមានកម្រិតណាស់ ហេតុដូច្នេះហើយ កាកបាទក្រហមកម្ពុជា​ ចង់ឱ្យម៉ាស៊ីនផលិត និងចម្រោះទឹកបរិសុទ្ធដោយបរិយាកាសនេះ មានការប្រើប្រាស់បានទូលំទូលាយ សក្តិសមទៅនឹងអត្ថប្រយោជន៍របស់ម៉ាស៊ីន។​ ដោយហេតុផលនេះទើប​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានសម្រេចប្រគល់ជូននូវអំណោយដ៏ឧត្តុង្គឧត្តមខាងលើនេះ ជូនទៅ​ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១​ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយវិញ ព្រោះថាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ មានតម្រូវការច្រើនជាងកាកបាទក្រហមកម្ពុជា​ សម្រាប់ធ្វើប្រតិបត្តិការជាបន្តបន្ទាប់ជួយដល់ប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយកើតឡើង។

សូមបញ្ជាក់ថា​ កាកបាទក្រហមកម្ពុជា​ ជាស្ថាប័នទី​២​ ដែលបានទទួលអំណោយជាម៉ាស៊ីនផលិតទឹកនេះ​ បន្ទាប់ពី​មន្ទីរពេទ្យកាល់ម៉ែត្រ​។ តាមគម្រោងរបស់​ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ ស៊ុន​ ចាន់ថុល​ ម៉ាស៊ីន​ផលិតទឹកនេះ​ នឹងប្រគល់ជូន​ មន្ទីរពេទ្យធំៗចំនួន​ ៣ផ្សេងទៀត​ជាបន្តបន្ទាប់​ គឺ​ មន្ទីរពេទ្យគន្ធបុប្ផា​ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន​ និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ម៉ាស៊ីននេះ គឺជាបច្ចេកវិទ្យារបស់ប្រទេសអ៊ីស្រាអែល ដែលមានសមត្ថភាពផលិតទឹកបរិសុទ្ធដោយស្វ័យប្រវត្តិពីខ្យល់ក្នុងបរិយាកាស បានប្រមាណ ៨០០លីត្រ ក្នុងមួយថ្ងៃ ប្រកប​ដោយគុណភាព និងសុវត្ថិភាពខ្ពស់៕