• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការសាខា និងអនុប្រធានកិត្តិយសសាខា អាណត្តិទី៥របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ

នៅព្រឹកថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានរៀបចំពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការសាខា និងអនុប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ អាណត្តិទី៥ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយបានការអញ្ជើញចូលរួមពី ឯកឧត្តម មាស សុភា ប្រធានកិត្តិយសសាខា និងគណៈកិត្តិយស គណៈកម្មាធិការសាខា ថ្នាក់ដឹកនាំ មន្ទីរ-អង្គភាពជុំវិញខេត្ត គណៈកម្មាធិការអនុសាខាក្រុងស្រុក អ្នកស្ម័គ្រចិត្ត សរុប ២១៦នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តព្រះវិហារ។

នាឱកាសនោះលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានអញ្ចើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ ឯកឧត្តម ប្រាក់ សុវណ្ណ អនុប្រធានកិត្តិយស និងឯកឧត្តម គីម រិទ្ធី ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ អាណត្តិទី៥។

ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្ត និងការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខា បានធ្វើការប្តេជ្ញាចិត្ត ដូចតទៅ៖

១- ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង ៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

២-យកចិត្តទុកដាក់អនុវត្តគោលការណ៍លក្ខណៈវិនិឆ្ឆ័យសាខា

៣-រក្សាសាម្គីភាពផ្ទៃក្នុងជួរគណៈកម្មាធិការសាខា និងគណៈកិត្តិយសសាខា ឯកភាពរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមដោយស្មារតីទទួលខុសត្រូវខ្ពស់។

៤-ដឹកនាំតម្រង់ទិសក្រុមប្រតិបត្តិសាខា អនុសាខាឱ្យអនុវត្តការងារស្របតាមយុទ្ធសាស្ត្រ របស់កាកបាទក្រហមកម្ពុជា (២០២១-២០៣០)។

៥-បង្កើតគំនិតក្នុងការកៀរគររកមូលនិធិ ពីគ្រប់មជ្ឈដ្ឋានដើម្បីបម្រើឱ្យការងារមនុស្សធម៌របស់សាខា ។

៦- យកចិត្តទុកដាក់ពង្រឹងពង្រីកកម្លាំងយុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្តនៅមូលដ្ឋាន។

៧- បន្តសហការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរស្ថាប័ននានា អង្គការជាតិ-អន្តរជាតិ ក្នុងបុព្វហេតុមនុស្សធម៌ រួមចំណែកកាត់បន្ថយទុក្ខលំបាករបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានពាំនាំព្រះបណ្តាំផ្ញើពី ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនអង្គពិធីទាំងមូល ប្រកបដោយមនោសញ្ចេតនា ការនឹករលឹកស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត និងបានកោតសរសើរវាយតម្លៃខ្ពស់ចំពោះស្មារតី និងការទទួលខុសត្រូវក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំសាខាកន្លងមកទទួលបានជោគជ័យ គួរជាទីមោទនៈ។

បន្ទាប់មកលោកជំទាវអគ្គលេខាធិការ និងឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានបន្តដឹកនាំប្រជុំតម្រង់ទិសគណៈកម្មាធិការសាខា-អនុសាខា និងផ្តល់អនុសាសន៍ណែនាំសំខាន់មួយចំនួនមានជាអាទិ៍៖

១- ត្រូវបំពេញការងារស្របទៅតាមយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជា (២០២១-២០៣០)។

២- ផ្តួចផ្តើមគំនិតរកប្រភពចំណូល និងបង្កើតចំណូលចូល

មូលនិធិសាខា និងអនុសាខា ។

៣-ត្រូវធានាបានលើការគ្រប់គ្រងការងារហិរញ្ញកិច្ចរបស់សាខាឱ្យមានគណនេយ្យភាព តម្លាភាព ទៅតាមទម្រង់ការហិរញ្ញវត្ថុ​ ។

៤ -បន្តខិតខំប្រឹងប្រែងធ្វើការងារក្នុងស្មារតីជាក្រុម សាមគ្គីភាព ឯកភាពនិងជួយគ្នាទៅវិញទៅមក រវាងគណៈកម្មាធិការសាខា-ក្រុមប្រតិបត្តិសាខា និងអនុសាខា។

៥-បន្តការងារអភិវឌ្ឍស្ថាប័ន ពង្រឹងសមត្ថភាព សហគមន៍ ដើម្បីផ្តល់សេវាកម្មមនុស្សធម៌ឱ្យកៀកដល់ជនងាយរងគ្រោះបំផុត។

៦-បន្តអនុវត្តសកម្មភាពមនុស្សធម៌ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះនិងងាយរងគ្រោះបំផុតនៅក្នុងខេត្ត និងបន្តធ្វើការងារឥស្សរជនឆ្នើមឱ្យដូចភ្លៀងរលឹម។

៧-បន្តថែរក្សាកិត្តិនាមកាកបាទក្រហមកម្ពុជា ឱ្យសក្តិសមជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌៕