• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីទទួលទេយ្យទានពីសម្តេចសង្ឃឈឹង ប៊ុនឈា គង់នៅវត្តស្រះចក រាជធានីភ្នំពេញ

នាព្រឹកថ្ងៃ​ពុធ ទី​២៨​ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ​​ នៅវត្តស្រះចក ស្ថិតក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា បាន ដឹកនាំមន្ត្រីប្រតិបត្តិសាខា​ អញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីសម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភាពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិតសភាកម្ពុជា និងជាព្រះចៅអធិការវត្តវិមានតេជៈ ហៅវត្តស្រះចក ។នាឱកាសនោះ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា បានមានសង្ឃដីកាថា ដោយបានឃើញពីសកម្មភាពមនុស្សធម៌យ៉ាងសកម្មរបស់សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ជាពិសេស​កាកបាទក្រហមកម្ពុជា ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន​ ជាប្រធាន បានធ្វើឱ្យព្រះអង្គសព្វព្រះទ័យ​យ៉ាងក្រៃលែង​ ក្នុងការបន្តគាំទ្រ​ និងចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ​ សំដៅជួយសម្រាលនូវការលំបាករបស់ប្រជាពលរដ្ឋយេីងដែលងាយរងគ្រោះ និងរងគ្រោះដោយប្រការផ្សេងៗ ។

ជាការឆ្លើយតប ក្នុងនាម​ ឯកឧត្តម​ ឃួង​ ស្រេង​ ប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានថ្លែងអំណរព្រះគុណ​ អំណរគុណ​ចំពោះ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះសង្ឃ​ គណៈកម្មការ អាចារ្យ​ វត្តទាំងអស់​ ដែលតែងតែបានបរិច្ចាគទេយ្យទានជារៀងរាល់ឆ្នាំមិនដែលខកខាន ចូលរួមចំណែកជាមួយសាខាកាកបាទក្រហមកម្ពុជា​រាជធានីភ្នំពេញដើម្បីសាខាកាន់តែមានលទ្ធភាពបន្ថែមនាំយកទៅចាត់​ចែង​ចែកជូនបន្តដល់ប្រជាពលរដ្ឋដែលជួបប្រទះនូវការលំបាក និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗជាដើម។ល។ លោកនាយក ក៏បាន​សន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឱ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម។ ទេយ្យទានដែលសាខាទទួលបានពីវត្តស្រះចករួមមាន៖ អង្ករ២តោន ទឹកដោះគោ២០០កំប៉ុង ស្ករស២០០គីឡូក្រាម មី១០០កេស ទឹកក្រូច៣០កេស ត្រីខ២០០កំប៉ុង ទឹកត្រី៥០យួរ ទឹកស៊ីអ៊ីវ៥០យួរ សម្ភារៈផ្ទះបាយ២០សម្រាប់ និងថវិកាចំនួន៤.០០០.០០០រៀល ដែលគិតសរុបជាទឹកប្រាក់ទាំងអស់ស្មើនឹងចំនួន២៦.០០០.០០០រៀល ៕