• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ពិធីជួបសំណេះសំណាលប្រជាជនរស់នៅជាមួយមេរោគអេដស៍ នៅស្រុកពួក ខេត្តសៀមរាប

សាខា កក្រក ខេត្តសៀមរាប៖ នៅរសៀលថ្ងៃអង្គារ ១០រោច ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនបងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍ នៅស្រុកពួក ចំនួន១៥គ្រួសារ (ឃុំជ្រោយល្វា ៥គ្រួសារ ឃុំពួក ៥គ្រួសារ និងឃុំសំរោងយា ៥គ្រួសារ)។

មានប្រសាសន៍នាឱកាសនោះ លោកវេជ្ជបណ្ឌិតសមាជិកគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិការភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចំពោះការឆ្លើយតបមេរោគអេដស៍-ជំងឺអេដស៍ នៅកម្ពុជា ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាសខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកវេជ្ជបណ្ឌិត ក៏បានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកជូននាពេលនេះមានចំនួនតិចតួចក្ដី តែនេះជាការជួយគ្នាក្នុងគ្រាលំបាក ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។ លោកក៏បានសម្តែងនូវការអាណិតអាសូរចំពោះបងប្អូនទាំងអស់ ដោយបានបញ្ជាក់ថា នេះគឺជាបញ្ហាមួយដែលយើងទាំងអស់គ្នាត្រូវ រួមសហការគ្នាដោះស្រាយ ដើមី្បឈានទៅគ្រប់គ្រងឲ្យបាន នូវការឆ្លងរាលដាលនៃជំងឺអេដស៍។ លោកក៏បានធ្វើការលើកទឹកចិត្តដល់បងប្អូនទាំងអស់កុំឱ្យអស់ក្តីសង្ឃឹមព្រោះជំងឺអេដស៍នាពេលបច្ចុប្បន្ន យើងមានថ្នាំប្រឆាំងមេរោគអេដស៍ ឱ្យតែបងប្អូនគោរពបានទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ និងថែរក្សាសុខភាពខ្លួនឱ្យបានល្អ នោះយើងនឹងអាចរស់រានដូចពលរដ្ឋទូរទៅដែរ។ ជាបន្ថែម លោកក៏បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងជាសកលលោកនាពេលនេះ ទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែខណៈពេលនេះ យើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឱ្យមានឆ្លងមេរោគកូវីដ-១៩ ក៏ដូចក្នុងសហគម សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និង អនុវត្តនូវវិធានការ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលគឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំដោយនិងទឹកសាប៊ូ អាល់កុល ឬជែល និង ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ។ បើសិនជាឃើញសភាពមិនស្រួល ឬមានជំងឺគ្រុនក្ដៅ ត្រូវប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបងប្អូនជាបន្ទាន់។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន ១គ្រួសារទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកដោះគោខាប់២កំប៉ុង ស្ករស១គីឡូក្រាម សាប៊ូ២ដុំ អង្ករ៣០គីឡូក្រាម និងថវិកា ៥ម៉ឺនរៀលផងដែរ៕