• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

ប្រតិបត្តិការត្រៀមបង្ការ និងឆ្លើយតប ចំពោះការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩

ជំងឺកូវីដ-១៩ បង្ករឡើងដោយវីរ៉ុសកូរ៉ូណាដែលរកឃើញដំបូងនៅទីក្រុងវ៉ូហានខេត្តហ៊ូពៃនៃប្រទេស​​​ចិន​​នៅ​ចុង​ឆ្នាំ២០១៩។ នៅថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០២០ អង្គការសុខភាពពិភព​លោកបាន​ដាក់​​​ឈ្មោះជំងឺជាផ្លូវ​ការ​​​ថា “ជំងឺកូវីដ-១៩”​ និងប្រកាសថា “ការរាតត្បាតជាសកល” នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ គឺជាបញ្ហាដែលពិភពលោកទាំង​មូលកំពុង​យក​ចិត្ត​ទុកដាក់និងព្រួយ​បារម្ភខ្លាំង​ គិតមកត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ មានអ្នកជំងឺកូវីដ-១៩ សរុបចំនួន ១៩.៤៦២.១១២នាក់ក្នុងនោះស្លាប់សរុបចំនួន​ ៧២២.២៨៥ នាក់ក្នុង ២១៦ប្រទេស និងដែនដី​ក្នុងទូទាំងសកលលោក[1]

នៅប្រទេសកម្ពុជា ជំងឺកូវីដ ១៩ បានកើតមាន​ជា​លើក​ដំបូងនៅថ្ងៃទី ២៧ ខែមករា ​ឆ្នាំ២០២០។ យោង​តាមសេចក្តីជូនព័ត៌មានរបស់ក្រសួង​សុខា​ភិ​បាល​​ គិតត្រឹមថ្ងៃទី ១០ ខែសីហា​ ឆ្នាំ២០២០ វេលាម៉ោង ៨:០០ នាទីព្រឹក ​នៅក្នុង ១៣ រាជ​​ធានីខេត្ត មានករណីវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ២៥១ នាក់​(ស្រី​ ៤៩​​នាក់) ជាសះស្បើយចំនួន ២១៩ ​នាក់ (ស្រី​ ៤៦​នាក់)   អ្នកដែលកំពុងសម្រាកព្យាបាលសរុបចំនួន ៣២ នាក់ ហើយពុំទាន់មានករណី​ស្លាប់​​នៅ​ឡើយ​ ។

នៅតាមប្រទេសនីមួយៗ​​ដែលរងគ្រោះដោយសារជំងឺនេះក៏បានចាត់វិធានការទប់ស្កាត់ ត្រៀមបង្ការ និងឆ្លើ​យតប​យ៉ាងសកម្មចំពោះ​ការ​រាត​ត្បាតជា​សកល​នេះរៀងៗខ្លួនផងដែរ ។ឆ្លើយតបចំពោះកង្វល់ជាសកលខាងលើ អនុវត្តតាមអនុសាសន៍តម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាប្រធាន កាកបាទក្រហមកម្ពុជា បាន និងកំពុងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការប្រតិបត្តិការបង្ការ និងឆ្លើយតបចំពោះការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ សំដៅលើកកម្ពស់សុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឹកូវីដ-១៩ ក្នុងសហគមន៍។

ដោយប្រើប្រាស់ធនធានផ្ទាល់ខ្លួនដែលមានស្រាប់ និងទទួលបានការបដិ​ភា​គ​ជា ថវិកា និងសម្ភារពីដៃគូ សហប្រតិបត្តិការ សប្បុរសជន​​ សមាគមជាតិកាកបាទក្រហម អឌ្ឍចន្តក្រហមជាបងប្អូន និងជាពិសេសពីរដ្ឋាភិបាលជប៉ុន (ក្នុងរយៈពេល ៦ ខែ ចាប់ពីខែមេសា ដល់ ខែកញ្ញា ឆ្នាំ ២០២០) តាមរយៈសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម (IFRC) កាកបាទក្រហមកម្ពុជា (កក្រក) បានធ្វើ​​ការណែនាំដល់សាខា កក្រក ទាំង ២៥ រាជធានីខេត្ត ឱ្យចាត់វិធានការបង្ការ ឆ្លើយតបចំពោះការ​រាតត្បាត​នៃជំងឺកូវីដ-១៩ ដោយយកចិត្តទុកដាក់ខ្ពស់ ពិនិត្យតាមដាន/រាយការណ៍ស្ថានភាពសុខភាព និងដោះស្រាយជីវភាពខ្វះខាត​របស់​​​ប្រជាពល​រដ្ឋ​តាម​សហគមន៍ដោយប្រកាន់ខ្ជាប់នូវ​តួនាទី​​ជាជំនួយការ​ឱ្យអាជ្ញាធរសាធារណៈ​ផ្នែក​​វិស័យ​មនុ​ស្ស​​​ធម៌។

ក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរទម្លាប់ជាវិជ្ជមានរបស់សហគមន៍តាមរយៈការចូលរួមទប់ស្កាត់ និងបង្ការការឆ្លងរាលដាលនៃជំងឹកូវីដ-១៩ ក្នុងសហគមន៍ លោក វង្ស សំអឿន អាយុ ៤៨ ឆ្នាំ ជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានៅភូមិ អ៊ុងក្នុង ឃុំរៀម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរៀបរាប់ថា៖​ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩នេះ បន្ទាប់ពីទទួលបានការណែនាំពីវិធានការបង្ការជំងឺកូវីដ-១៩ និងសម្ភារ អប់រំផ្សព្វផ្សាយ/អនាម័យ រូបគាត់ផ្ទាល់ និងសមាជិកក្រុមអ្នកស្ម័គ្រចិត្ត កក្រក ក្នុងសហគមន៍របស់គាត់បាន និងកំពុងធ្វើការអប់រំផ្សព្វផ្សាយយ៉ាងសកម្មក្នុងសហគមន៍តាមរយៈ

១. ការចុះអប់រំផ្សព្វផ្សាយតាមផ្ទះរបស់ប្រជាពលរដ្ឋ

២.ប្រជុំក្រុមតូច (អ្នកចូលរួម ចាប់ពី ៥​ ទៅ ១០ នាក់ ដោយរក្សាគម្លាត និងប្រើប្រាស់ម៉ាស)

៣.ផ្សព្វផ្សាយសារគន្លឹះក្នុងការបង្ការជំងឺកូវីដ-១៩ ដោយចាក់តាមឧគ្ឃោសនស័ព្ទចល័តក្នុងសហគមន៍

៤.បិទផ្ទាំងរូបភាពតាមទីសាធារណៈ ចែកខិត្តបណ្ណអប់រំ​​ផ្សព្វផ្សាយ និងសម្ភារអនាម័យជូនប្រជាពលរដ្ឋជាជំនួយក្នុងការលើកកម្ពស់ចំណេះដឹង និងការផ្លាស់ប្តូរទម្លាប់ជាវិជ្ជមានរបស់សហគមន៍​។

នៅទីបញ្ចប់គាត់បានបញ្ជាក់បន្ថែមថា តាមរយៈសកម្មភាព និងគំរូរបស់ពួកគាត់ ប្រជាពលរដ្ឋក្នុងសហគមន៍មានចាប់អារម្មណ៍ និងប្រុងប្រយ័ត្នខ្ពស់ចំពោះការបង្ការជំងឺកូវីដ-១៩ ព្រមទាំងអនុវត្តទម្លាប់រស់នៅតាមបែបអនាម័យ ។

[1]គេហទំព័ររបស់អង្គការសុខភាពពិភពលោកថ្ងៃទី​ ០៩ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង ០៧:០០ GMT+7