• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋស្ថិតក្នុងតំបន់បិទខ្ទប់ ភូមិពាមរាំងលើ ស្រុកលើកដែក ខេត្តកណ្តាលទទួលអំណោយមនុស្សធម៌

នៅថ្ងៃពុធ ទី ៩ ខែមិថុនា ឆ្នាំ២០២១នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ជូនរដ្ឋបាលស្រុកលើកដែក ដើម្បីបន្តចែកជូនប្រជាពលរដ្ឋចំនួន ៣៣៣គ្រួសារ ដែលស្ថិតក្នុងតំបន់បិទខ្ទប់ ភូមិពាមរាំងលើ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល។

ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការកោតសរសើរប្រកបដោយមោទនភាពចំពោះគណៈកិត្តិយស និងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ដែលជាសេនាធិការរបស់កាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល ដែលបានយកចិត្តទុកដាក់បំពេញតួនាទី និងភារកិច្ចក្នុងបេសកកម្មមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។ ជាមួយគ្នានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះប្រតិបត្តិករមនុស្សធម៌កាកបាទក្រហមកម្ពុជាគ្រប់លំដាប់ថ្នាក់ ដែលបានរួមជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធក្នុងសមរភូមិកូវីដ-១៩ ជួយសង្គ្រោះប្រជាពលរដ្ឋផង និងជួយសម្រាលការលំបាកផ្នែកជីវភាពផង ដើម្បីធានាប្រក្រតីភាពរបស់សង្គមជាតិទាំងមូល ជាពិសេសក្នុងការកសាងភាពធន់របស់សង្គមជាតិ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់ពីតួអង្គដ៏សំខាន់ដែលបានដើរតួនាទីក្នុងសមរភូមិកូវីដ-១៩ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលមានផែនការយុទ្ធសាស្ត្រ​ និងចក្ខុវិស័យច្បាស់លាស់​ បានដាក់ចេញនូវវិធានការសំខាន់ៗ រួមទាំងវិធានការរដ្ឋបាលនានា ដើម្បីគ្រប់គ្រងសភាពការណ៍ និងធានាដល់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេស វិធានការបិទខ្ទប់ ការធ្វេីចត្តាឡីស័ក និងការយកសំណាក គឺជាកត្តាជោគជ័យនៃការកាត់ផ្តាច់ការចម្លងជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ ការចូលរួមពីគ្រប់ភាគីទាំងអស់ ទាំងរាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា កម្លាំងយុវជនស្ម័គ្រចិត្ត សប្បុរសជន ព្រះសង្ឃ  បានឆ្លុះបញ្ចាំងពីកម្លាំងសាមគ្គីគ្នាក្នុងស្ថានភាពដ៏លំបាកមួយនេះ។

ជាមួយគ្នានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យទាំងអស់ ដែលជាយុទ្ធជនអាវសក្នុងការជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ​ ដែលប្រឈមនឹងហានិភ័យនៃជំងឺនេះគ្រប់ពេលវេលាទាំងអស់​ និងសូមថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្ត និងសេចក្តីសុខផ្ទាល់ខ្លួន​ ដើម្បីសេចក្តីសុខរបស់ប្រជាជន។

ជំនួសមុខឱ្យគណៈកិត្តិយស​ គណៈកម្មាធិការសាខា​-អនុសាខា​ និងប្រជាពលរដ្ឋ​ ឯកឧត្តម​ គង់​ សោភ័ណ្ឌ​ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកណ្តាល​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ​វត្តមានរបស់​ លោកជំទាវកិត្តិសង្គហបណ្ឌិត​ ឃួន​ សុដារី​ ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ​ ហើយសង្ឃឹមជឿជាក់ថា​ រដ្ឋបាលស្រុកលើកដែកនឹងចាត់ចែងអំណោយទាំងនេះជូនដល់ដៃប្រជាពលរដ្ឋទាំង​ ៣៣៣គ្រួសារ​ ដោយគោរពតាមវិធានការដែលបានកំណត់។

សូមបញ្ជាក់ថា​ អំណោយសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកណ្តាល​ ប្រគល់ជូនរដ្ឋបាលស្រុកលើកដែក​ រួមមាន ៖​ អង្ករ 6,660គីឡូក្រាម,​ មី 333កេស,​ ត្រីខកំប៉ុង 333យួរ,​ អំបិល 166.5គីឡូក្រាម,​ ទឹកស៊ីអ៊ីវ 333យួរ,​ ទឹកសុទ្ធ 333កេស,​ ជែល 333ដប​ និងម៉ាស 3,330បន្ទះ​ សម្រាប់ជូនចែកគ្រួសារនីមួយៗនូវ​ អង្ករ 20គីឡូក្រាម​,​ មី​ 1កេស,​ ត្រីខ 10កំប៉ុង,​ អំបិល 0.5គីឡូក្រាម​, ទឹកស៊ីអ៊ីវ 1យួរ,​ ទឹកសុទ្ធ​ 1កេស,​ ជែលលាងដៃ 1ដប និងម៉ាស 10បន្ទះ៕