
ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ទទួលអំណោយមនុស្សធម៌
នាព្រឹកថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២២នេះ លោក ចេង មុនីរ៉ា ប្រធានកិត្តិយស និងលោកស្រី ហេង សុវត្ថា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាច្បារអំពៅ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យចំនួន៣៧ខ្នងផ្ទះ កាលពីវេលាម៉ោង១៦:៣០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ។ នាខណៈនោះ លោកប្រធានកិត្តិយសអនុសាខា បានពាំនាំនូវការចូលរួមសោកស្តាយពី ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិកការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសាររងគ្រោះ និងសូមឱ្យមេត្តាកាត់ចិត្ត កុំអស់សង្ឃឹម បន្តខិតខំប្រឹងប្រែងប្រកបរបររកទទួលទានទៅតាមលទ្ធភាពជាបន្តទៀត ហើយកាកបាទក្រហមកម្ពុជាយើងតែងតែជួយដល់បងប្អូនប្រជាពលរដ្ឋជានិច្ចនៅពេលជួបប្រទះនូវការលំបាកដោយប្រការផ្សេងៗ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោល “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា“ ។
អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ សម្ភារៈប្រើប្រាស់១សម្រាប់ និងថវិកាចំនួន១០ម៉ឺនរៀល ៕