• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

សាខា កក្រក ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង សរុបចំនួន ១.២៣៧គ្រួសារ មកពី ៤ឃុំ (ឃុំសំរ៉ុង ឃុំទួលទទឹង ឃុំអណ្តូងថ្ម និងឃុំព្រៃនប់) ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម គួច ចំរើន បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។

ក្នុងស្ថានភាពគ្រោះទឹកជំនន់រហ័សនេះ ឯកឧត្តមប្រធាន បានពាំនាំសារអំពាវនាវ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារដល់បងប្អូនទាំងអស់ ៖

១. សូមក្រុមគ្រួសារដែលមានកូនចៅតូចៗ កុំបណ្តែតបណ្តោយឱ្យលេងទឹក ពីព្រោះវាអាចបណ្តាលឱ្យបាត់បង់ជីវិត ដោយសារលង់ទឹកបាន ដូចនេះត្រូវការពារពួកគេឱ្យបានល្អ ជៀសវាងមានវិប្បដិសារីនៅពេលបាត់បង់សមាជិកគ្រួសារដោយសារការធ្វេសប្រហែសនេះ។

២. សូមគិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងរក្សាអនាម័យ ព្រោះសុខភាពជាកត្តាចម្បងសម្រាប់យើងគ្រប់គ្នា ដូច្នេះសូមគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺដង្កាត់នានា ដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺ។

៣. នៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅដ្ឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត មានអនាម័យ និងត្រូវប្រុងប្រយ័ត្នពីសត្វអាសិរពិសដែលវាបានទៅរស់នៅតាមដំបូលផ្ទះឬកន្លែងផ្សេងៗក្នុងផ្ទះរបស់យើង ដែលពួកវាអាចបង្កគ្រោះថ្នាក់ដល់ជីវិត ហើយសូមបន្តប្រកបរបរចិញ្ចឹមជីវិតដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។

៤. សូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវពាក់ម៉ាស់ លាងដៃនឹងសាប៊ូ និងមានស្មារតីប្រុងប្រយ័ត្នជានិច្ច ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមបែបគន្លងថ្មី។

សូមបញ្ជាក់ថាអំណោយដែលផ្តល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្គរ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ/ទឹកត្រី ១យួរ ឃីត ១ (ភួយ១ មុង១ ក្រមា១ សារុង១) និងថវិកា ៥ម៉ឺនរៀល ៕SBR